(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ដែល នេះជាការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ចំពោះសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក ២រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីថ្ងៃអាទិត្យ ១៧ ខែវិច្ឆិកា បានឱ្យដឹងទៀតថាអ៊ុយក្រែនមានផែនការដឹកនាំ ការវាយប្រហាររយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួន នៅប៉ុន្មានថ្ងៃខាងមុខនេះ។ តែមិនបានបង្ហើបពីព័ត៌មានលម្អិតអ្វីនោះទេ។ ការសម្រេចចិត្តខាងលើរបស់រដ្ឋបាលលោក បៃដិន ធ្វើឡើងតែជាង២ខែប៉ុណ្ណោះ មុននឹងលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ និងបន្ទាប់ពីអ៊ុយក្រែនបានទទូចសុំជាច្រើនខែ មកហើយ ដើម្បីអាចប្រើប្រាស់អាវុធអាមេរិក វាយប្រហារលើគោលដៅយោធាស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី។
បន្ថែមពីលើនេះ ការផ្លាស់ប្ដូរចិត្តនេះទៀតសោត កើតមានឡើងទំនងជាឆ្លើយតបទៅនឹងការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ទៅជួយកងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ ប៉ុន្តែ ខាងក្រសួងការបរទេសអាមេរិក និងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអី្វ ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់ Reuters។
គួរបញ្ជាក់ថា រុស្ស៉ីបានព្រមានថាខ្លួននឹងចាត់ទុកថាការវាយប្រហារដោយប្រើប្រាស់អាវុធផ្ដល់ដោយអាមេរិក ឬ NATO ពីសំណាក់កងទ័ពអ៊ុយក្រែនលើទឹកដីរបស់ខ្លួន គឺជាការបង្កើន ជម្លោះ។ ជាថ្មីម្ដងទៀត មន្ត្រីជាន់ខ្ពស់រុស្ស៉ីម្នាក់បាននិយាយថាការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដោយអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ជាមួយអាវុធ ផ្ដល់ដោយសហរដ្ឋអាមេរិក អាចនឹងបង្កទៅជាសង្រ្គាមលោកលើកទី៣ ហើយតម្រូវឱ្យមូស្គូចាត់វិធានការឆ្លើយតបយ៉ាងខ្លាំងក្លា៕