(កៀវ)៖ រុស្ស៊ី នៅថ្ងៃអាទិត្យនេះបានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ទៅលើប្រទេសអ៊ុយក្រែន ដោយបាញ់មីស៊ីលនិងយន្តហោះដ្រូនរាប់រយគ្រាប់និងគ្រឿង ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់ និងបំផ្លាញប្រព័ន្ធថាមពលអ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

វាជាការវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់រុស្ស៊ីមកលើអ៊ុយក្រែន ក្នុងរយៈពេល ៣ខែចុងក្រោយនេះ។ ការវាយប្រហារនេះ កើតឡើងស្របពេលដែលអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់រដូវរងា និងបន្ទាប់ពីមានការទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ ដែលបានសន្យាថានឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

អ៊ុយក្រែនបានអះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកភាគច្រើន ប៉ុន្តែការវាយប្រហារនេះនៅតែបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួនគឺផ្តោតលើកន្លែងផលិតថាមពលដែលផ្គត់ផ្គង់ដល់រោងចក្រយោធា និងឧស្សាហកម្មរបស់អ៊ុយក្រែនប៉ុណ្ណោះ។

ក្រុមហ៊ុនផ្គត់ផ្គង់ថាមពល DTEK របស់អ៊ុយក្រែន បានរាយការណ៍ពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធថាមពល និងស្ថានីយផលិតថាមពលរបស់ខ្លួន។ ហើយមន្ត្រីអ៊ុយក្រែនបានបញ្ជាក់ពីការខូចខាត និងការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ជាច្រើននៅទូទាំងប្រទេស៕