(លីម៉ា)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បាននិយាយថា ចិនប្តេជ្ញាថានឹងធ្វើការជាមួយរដ្ឋបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

សេចក្តីថ្លែងនេះធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ក្នុងឱកាសចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហើយជាជំនួបលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ៧ខែ។

ក្នុងជំនួបនោះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានបញ្ជាក់ជាថ្មីអំពីគោលបំណងរបស់ចិន ក្នុងការកសាងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក។ លោកទទួលស្គាល់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការឡើងចុះ ប៉ុន្តែចិននៅតែប្តេជ្ញាក្នុងការរក្សាទំនាក់ទំនងឱ្យមានស្ថិរភាពនិងរឹងមាំ។ លោកក៏បានបង្ហាញពីឆន្ទៈក្នុងការធ្វើការជាមួយរដ្ឋបាលអាមេរិកថ្មីដែលដឹកនាំដោយលោក ដូណាល់ ត្រាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមរួមគ្នាផងដែរ។

ក្នុងជំនួបនេះដែរមេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាសំខាន់ៗមួយចំនួន រួមទាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ពាណិជ្ជកម្ម តៃវ៉ាន់ សមុទ្រចិនខាងត្បូង និងសង្រ្គាមនៅអ៊ុយក្រែន។ លោក បៃដិន បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការរក្សាការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា រវាងប្រទេសទាំងពីរ ជាពិសេសក្នុងអំឡុងពេលមានការផ្លាស់ប្តូររដ្ឋបាល។

គួរបញ្ជាក់ថា ទោះបីជាមានការខ្វែងគំនិតគ្នាខ្លះក៏ដោយ ក៏មេដឹកនាំទាំងពីរបានឯកភាពគ្នាលើចំណុចមួយចំនួន ដូចជាការទប់ស្កាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងការគ្រប់គ្រងសង្រ្គាមនៅអ៊ុយក្រែន។ លោក Biden ក៏បានអំពាវនាវឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីទប់ស្កាត់ការកើនឡើងនៃជម្លោះ និងការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្រ្គាមនេះ៕