(ប៉េកាំង)៖ APEC (អង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៩ ដោយបច្ចុប្បន្នមានរដ្ឋសមាជិកចំនួន ២១ គឺជាមហាគ្រួសារដ៏ធំព្រមទាំងជា វេទិកាសហប្រតិបត្តិការពហុភាគីសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលបានផ្សារភ្ជាប់នូវផលប្រយោជន៍រួម នៅក្នុងការជំរុញសេដ្ឋកិច្ចបើកចំហនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អមជាមួយនឹងការអភិវឌ្ឍ ប្រកបដោយនវានុវត្តភាព ការតភ្ជាប់គ្នានៃកំណើន និងធ្វើការផ្សារភ្ជាប់ផលប្រយោជន៍ ហើយផ្អែកតាមទិន្នន័យស្ថិតិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានរំលេចថា APECរួមចំណែកដល់ កំណើនសេដ្ឋកិច្ចពិភពលោក រហូតដល់ទៅ ៦០% ឬអាចនិយាយបានថា APECជា«ក្បាលម៉ាស៊ីន»មួយនៃកំណើនសេដ្ឋកិច្ចពិភពលោក និងជាតំបន់ដែលផ្តល់សន្ទុះរស់រវើកបំផុត ដល់កម្លាំងសេដ្ឋកិច្ចសកល។ ដើម្បីសម្រេចបាននូវគោលដៅនេះ សេដ្ឋកិច្ចទាំងអស់នៅក្នុងតំបន់ដែលជាពិសេសសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលបានកើនឡើង៤,៦% ក្នុងត្រីមាសទី ៣ ឆ្នាំ២០២៤ នៅបន្តក្លាយជាកម្លាំងចលករដល់APECរួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកនៃការជឿទុកចិត្តគ្នា មានបរិយាប័ន្ន មានកិច្ចសហប្រតិបត្តិការ និងមានវឌ្ឍភាពឈ្នះ-ឈ្នះ ហើយតួនាទីកាន់តែសកម្មរបស់ប្រទេសចិនក្នុង APEC ២០២៤ នឹងបញ្ចូលថាមពលថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកទាំងមូល។

APEC២០២៤ដែលប្រទេសប៉េរូជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះជាលើកទីបីហើយដែលប្រទេសប៉េរូ បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនេះ (លើកទី១នៅឆ្នាំ២០០៨ និងលើកទី២នៅឆ្នាំ២០១៦)។ ប្រទេសចិនចាប់ពីឆ្នាំ១៩៩១មក ត្រូវបានពិភពលោកសម្លឹងឃើញថាបាននិងកំពុង ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការកសាងភាពជាដៃគូលើការជឿទុកចិត្តគ្នា មានបរិយាប័ន្ន មានកិច្ចសហប្រតិបត្តិការ និងមានវឌ្ឍភាពឈ្នះ-ឈ្នះ ហើយកិច្ចការនេះនឹងបញ្ចូលថាមពលថ្មី ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដល់បណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ កាលពីAPEC ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសរំលេចថា «ឱ្យតែឈរជាប់ជានិច្ចជាមួយសច្ចភាព ទោះបីជាត្រូវប្រឈមមុខនឹងការរារាំងរបស់មនុស្សរាប់លាននាក់ក៏ដោយ ក៏ខ្ញុំឆ្ពោះទៅមុខដោយមិនស្ទាក់ស្ទើរឡើយ» ដែលនេះបានស្តែងឱ្យឃើញថា ចិនតែងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះបេសកកម្មបង្កើតAPEC ហើយរួមគ្នាកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដែលមានលក្ខណៈបើកចំហ និងសន្តិភាព ដើម្បីភាពចម្រុងចម្រើននៃប្រជាជនយើងទាំងអស់ និងមនុស្សជំនាន់ក្រោយ។

APEC ជាវេទិកាដ៏សំខាន់មួយដែលប្រទេសចិនតែងយកឱកាសនេះជំរុញបុព្វហេតុថែរក្សាសុខសន្តិភាព និងចែករំលែកបទពិសោធន៍របស់ ប្រទេសចិនដែលបាននិងកំពុងអនុវត្តយ៉ាងជោគជ័យ នូវការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន ហើយគ្មានភាពងាករេឡើយដែលថាប្រទេសចិន នឹងបន្តមាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព សំដៅធ្វើឱ្យជីវភាពរបស់ប្រជាជន កាន់តែប្រសើរឡើង។ បន្ថែមពីលើនេះ ភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសចិនក្រោមគោលនយោបាយកំណែទម្រង់និងបើកទូលាយកាលពី៤៦ឆ្នាំ បាននិងកំពុងផ្តល់កាលានុវត្តភាព ដល់ APEC ក្នុងរយៈពេល៣ទសវត្សរ៍មកនេះ។

ចាប់ពីឆ្នាំ១៩៩១មក ប្រទេសចិនតែងបាននាំ APEC ក្នុងដំណើររួមគ្នាកសាងភាពជាដៃគូ ដែលមានន័យថាចូលរួមធ្វើការ ក្នុងគោលដៅរួម និងគំនិតផ្តួចផ្តើមទាំង៤របស់ចិន ហើយវត្តមានរបស់លោក Xi Jinping ប្រធានរដ្ឋចិនក្នុងវេទិកា APEC២០២៤នេះនឹងជំរុញភាពប្រសើរឡើង នៃការប្រកៀកស្មាគ្នាដល់រដ្ឋសមាជិកទាំងអស់រួមគ្នាសាងសង់ APECក្លាយទៅជាវេទិកាសំខាន់៤រួមមាន៖ ១-សម្រាប់ជំរុញការធ្វើសមាហរណកម្ម ២-គោលនយោបាយដោយផ្អែកលើ ការចែករំលែកបទពិសោធន៍ ៣-បើកចំហលើការប្រឆាំងនឹង គោលនយោបាយគាំពារពាណិជ្ជកម្ម និង ៤-អភិវឌ្ឍដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ក៏ដូចជាវេទិកាសម្រាប់ការជំរុញការតភ្ជាប់ នៃទំនាក់ទំនងគ្នានិងការផ្លាស់ប្តូរគ្នាផងដែរ។

បន្ថែមពីលើនេះ ឆ្នាំ២០២៤នេះ ស្ថិតក្នុងបរិបទនៃបម្រែបម្រួលនិម្មាបនកម្ម ពិភពលោកដ៏ស្មុគស្មាញ APEC រំពឹងទុកជាមុនថា ប្រាជ្ញាចិននឹងរឹងរឹតតែជាដំណោះស្រាយ ដ៏សំខាន់ចំពោះបញ្ហារអាក់រអួលផ្នែកខ្សែសង្វាក់ផ្តត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្មសកល ពង្រីកវិសាលភាពនៃសេដ្ឋកិច្ចបៃតងតាមរយៈកិច្ចបង្កើនចរន្តអរិយធម៌អេកូឡូស៊ី ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីទទួលបានកំណើនប្រកបដោយនិរន្តភាព។

APEC២០២៤ដោយប្រមូលផ្តុំថ្នាក់ដឹកនាំប្រទេសទាំង២០ ដែលជាសមាជិក បាននិងកំពុងត្រៀមខ្លួនចូលរួមជាមួយចិន ក្នុងការរៀបចំផែនការសម្រាប់ការអភិវឌ្ឍ នាពេលអនាគត នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ វាមានសារៈសំខាន់ណាស់ចំពោះ ផលប្រយោជន៍របស់សមាជិក APEC ក្នុងរយៈពេល៣៥ឆ្នាំនេះ ដោយបានឈានដល់យល់ស្របនិងរួមគ្នា អនុវត្តសកម្មភាពជាក់ស្តែង នៃតំបន់ពាណិជ្ជកម្មសេរីនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក (FTAAP) ការជំរុញទំនាក់ទំនងគ្នា នឹងការផ្លាស់ប្តូរគ្នា និងការបន្តធ្វើការអភិវឌ្ឍដោយនវានុវត្តន៍។ ជាមួយគ្នា តាមរយៈវេទិកាAPEC ប្រទេសចិនបានចែករំលែក នូវបទពិសោធន៍ជោគជ័យរបស់ខ្លួន ក្នុងការដោះស្រាយបានយ៉ាងល្អលើបញ្ហាជាសកលដូចជាជំងឺឆ្លង សន្តិសុខស្បៀង និងសន្តិសុខថាមពល ហើយយន្តការរបស់ប្រទេសចិន បានជួយសម្រួលសកម្មភាពសមូហភាពតាមរយៈការពិគ្រោះយោបល់ និងជំរុញកិច្ចសហប្រតិបត្តិការតំបន់ តាមរយៈជំនួយទៅវិញទៅមក។

ជារួម APEC២០២៤គឺជាក្តីរំពឹងដ៏សំខាន់សម្រាប់ពិភពលោក ដោយមានចិនដែលតែងដើរតួនាទីផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងការបន្តកិច្ចអភិវឌ្ឍគ្នាទៅវិញទៅមក។ លោក Xi Jinping ប្រធានរដ្ឋចិនតែងបានបង្ហាញពីជំហរត្រៀមរួចជាស្រេច របស់ប្រទេសចិនក្នុងភាពជាដៃគូ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការសិក្សាពីគ្នាទៅវិញទៅមក ដើម្បីនាំ APEC រួមគ្នាដោះស្រាយប្រឈមមុខនឹងបញ្ហាសកល ដែលជាគន្លឹះនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល ទៅសម្រេចបាន នូវការអភិវឌ្ឍសន្តិភាព ការអភិវឌ្ឍធំទូលាយ និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព តាមរយៈសកម្មភាពជាក់ស្តែងរបស់ រដ្ឋសមាជិក APEC ដោយប្រទេសចិននឹងបន្តបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីផ្តល់ភាពពេញលេញ ដល់ភាពសម្បូរបែប នៃសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ទាញយកកម្លាំងពីគ្នាទៅវិញទៅមក បង្កើនអានុភាពកាន់តែប្រសើរឡើង នៃឥទ្ធិពលនៃសកម្មភាព ដែលទាក់ទងគ្នា និងសម្រេចបាននូវការអភិវឌ្ឍរួម៕

ដោយបណ្ឌិត ជា មុនីឫទ្ធិសមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន