(ប៉េកាំង)៖ ថ្ងៃទី១៤ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ ពេលធ្វើដំណើរទៅកាន់ទីក្រុងលីម៉ា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប៉េរូ ព្រមទាំងចូលរួម កិច្ចប្រជុំក្រៅផ្លូវការ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APEC លើកទី ៣១ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទនៅកាសែត «ប្រជាជនប៉េរូ» ក្រោមចំណងជើងថា «សូមឱ្យនាវាមិត្តភាពរវាងចិននិងប៉េរូបរទៅមុខកាន់តែឆ្ងាយ»។
លោក Xi Jinping បានលើកឡើងក្នុងអត្ថបទថា នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់ខ្ញុំនៅប្រទេសប៉េរូបន្ទាប់ពី ខ្ញុំទទួលតំណែងជាប្រធានរដ្ឋចិន។ រាល់ពេលមកដល់ប៉េរូ ខ្ញុំសុទ្ធតែបានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ចំពោះមនោសញ្ចេតនាមិត្តភាព របស់ប្រជាជនប៉េរូចំពោះប្រជាជនចិន។ ចំណងមិត្តភាពនេះបានចាក់ឫសក្នុងតម្រិះប្រាជ្ញា នៃអរិយធម៌ដ៏យូរលង់ បានបន្តវេនពីប្រវត្តិសាស្តតាំងពីបុរាណកាល ហើយមានភាពកាន់តែស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។
លោក Xi Jinping បានលើកឡើងទៀតថា ឆ្នាំ២០២៤នេះ សន្និសីទពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០បានបើកធ្វើដោយជោគជ័យ ដែលបានផ្តល់ឱកាសអភិវឌ្ឍថ្មី ជូនចំពោះបណ្តាប្រទេសលើពិភពលោក ដែលក្នុងនោះបូករួមទាំងប្រទេសប៉េរូផងដែរ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនិងលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូនឹងរួមគ្នាធ្វើជាអធិបតីតាមអនឡាញ ក្នុងពិធីសម្ពោធបើកដាក់ ឱ្យប្រើប្រាស់កំពង់ផែ Chancay។
កំពង់ផែ Chancay ជាគម្រោងសំខាន់នៃការរួមគ្នាកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" រវាងចិននិងប៉េរូ និងជាកំពង់ផែវៃឆ្លាតទីមួយនៃអាមេរិកខាងត្បូង ដែលនឹងមានអំណោយផលសម្រាប់ជំរុញ ការអភិវឌ្ឍនិងកិច្ចកសាង សមាហរណភាព នៃតំបន់អាមេរិកឡាទីននិងការ៉ាប៊ីនទាំងមូល។ កិច្ចប្រជុំកំពូលអង្គការ សហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកលើកនេះធ្វើក្រោមប្រធានបទ « សមត្ថភាព និម្មាបនកម្ម កំណើន » ភាគីចិនមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងស្និទ្ធស្នាល ជាមួយប៉េរូ ដើម្បីជំរុញឱ្យកិច្ចប្រជុំនេះទទួលបានលទ្ធផលជាផ្លែផ្កា និងដើម្បីរួមចំណែកថ្មីក្នុងការជំរុញការកសាង សហគមន៍រួមវាសនានៃអាស៊ី-ប៉ាស៊ីហ្វិក៕
វិទ្យុមិត្តភាពកម្ពុជាចិន