(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកានេះ បានឱ្យដឹងថាមេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្ដដ្រូនអត្តឃាតមួយគ្រឿង ហើយបានបញ្ជាឱ្យបង្កើនការផលិតអាវុធប្រភេទនេះទ្រង់ទ្រាយធំ ដោយនិយាយថាការកើនឡើងនៃតម្រូវការដ្រូនអត្តឃាតនៅជុំវិញពិភពលោក តម្រូវជាបន្ទាន់ឱ្យមានការធ្វើបច្ចុប្បន្នភាព អាវុធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​ Reuters។

លោក គីម ជុងអ៊ុន កាលពីដើមឆ្នាំកន្លងទៅនេះ ក៏បានចេញបញ្ជាឱ្យយោធារបស់លោក ធ្វើតេស្ដដ្រូនអត្តឃាតផងដែរ នៅចំពោះមុខការកើនឡើងកិច្ចសហប្រតិបត្តិការយោធាយ៉ាងលឿនរហ័ស ជាមួយរុស្ស៉ី ដែលបង្កឱ្យមានការសង្ស័យថាតើលោក គីម ទទួលបានជំនួយបច្ចេកទេសពីរុស្ស៉ី ដើម្បីអភិវឌ្ឍដ្រូនអត្តឃាតដែរ ឬក៏យ៉ាងណា ខណៈអាវុធប្រភេទនេះកំពុងត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយនៅក្នុងសង្រ្គាមអ៊ុយក្រែន។

KCNA បានបញ្ជាក់ថាលោក គីម ជុងអ៊ុន បានលើកឡើងពីភាពចាំបាច់ក្នុងការបង្កើនការផលិតដ្រូនអត្តឃាតទ្រង់ទ្រាយធំ ស្របពេលការប្រកួតប្រជែងក្នុងការប្រើប្រាស់ដ្រូននៅក្នុងវិស័យយោធា បាន និងកំពុងកើនឡើងនៅជុំវិញពិភពលោក ហើយយោធានៃប្រទេសជាច្រើនបានទទួលស្គាល់ពីប្រសិទ្ធភាពរបស់ដ្រូននៅក្នុងជម្លោះ។

គួរបញ្ជាក់ថា កូរ៉េខាងជើង កន្លងមកត្រូវបានរាយការណ៍ថាបានបញ្ជូនដ្រូនឆ្លងព្រំដែនចូលទឹកដីកូរ៉េខាងត្បូង ក្នុងនោះរួមមានទាំងរដ្ឋធានីសេអ៊ូល និងក្នុងដែនអាកាសនៃតំបន់គ្មានការហោះហើរ នៅក្បែរវិមានប្រធានាធិបតីកូរ៉េខាងត្បូង។ ឧបទ្ទវហេតុនេះបានជំរុញឱ្យរដ្ឋាភិបាលសេអ៊ូល ពន្លឿនការអភិវឌ្ឍអាវុធប្រឆាំងដ្រូន និងបានបង្ហើបពីផែនការដាក់ពង្រាយអាវុធឡាស៊ែរ៕