(ដាម៉ាស)៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារលំនៅដ្ឋាន នៅជាយក្រុងដាម៉ាសប្រទេសស៊ីរី បានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA។

អគារដែលរងការវាយប្រហារមានទីតាំងនៅតំបន់ Mazzeh និង Qudsaya ជាយក្រុងដាម៉ាស។ វិទ្យុកងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា គោលដៅនៃការវាយប្រហារនេះ គឺជាទ្រព្យសម្បត្តិ និងទីស្នាក់ការរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

អ៊ីស្រាអែលបានបង្កើនការវាយប្រហារ ទៅលើគោលដៅនៅក្នុងប្រទេសស៊ីរី ចាប់តាំងពីមានការវាយប្រហារដោយក្រុមហាម៉ាសលើទឹកដីអ៊ីស្រាអែល កាលពីឆ្នាំមុន។ ការវាយប្រហារចុងក្រោយនេះ បានបង្កើនការព្រួយបារម្ភអំពីស្ថានការណ៍សន្តិសុខនៅក្នុងតំបន់ និងបង្ហាញពីការកើនឡើងនៃភាពតានតឹង រវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ អង្គការសហប្រជាជាតិ និងប្រទេសនានា បានអំពាវនាវឱ្យភាគីទាំងអស់មានការអត់ធ្មត់ និងចៀសវាងសកម្មភាព ដែលអាចនាំឱ្យមានអំពើហិង្សាបន្ថែមទៀត៕