(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់លោកស្រី Dina Boluarte ប្រធានាធិបតីនៃសាធារណរដ្ឋប៉េរូ លោក Xi Jinping ប្រធានរដ្ឋចិននឹងធ្វើដំណើរទៅកាន់ទីក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូ ដើម្បីចូលរួម កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC លើកទី ៣១ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកាខាងមុខនេះ ។

នាពេលបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំ នៃពិភពលោកកាន់តែខ្លាំងឡើងៗ សេដ្ឋកិច្ចសកលលោកបាននិងកំពុងប្រឈមមុខនឹង ហានិភ័យនិងបញ្ហាប្រឈមជាច្រើន ។ សហគមន៍អន្តរជាតិរំពឹងទុកស្តាប់ គំនិតផ្តួចផ្តើមដ៏សំខាន់របស់ លោកប្រធានរដ្ឋចិន Xi Jinping ស្តីពីការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងការកែលម្អអភិបាលកិច្ចសកល ហើយក៏រំពឹងទុកថា ប្រទេសចិននឹងលើកឡើងនូវផែនការចិន សម្រាប់ជំរុញកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះនៃបណ្តាប្រទេសនានានិងរួមចំណែក ជាតម្រិះប្រាជ្ញាចិនសម្រាប់ស្វែងរកមាគ៌ា ដែលឆ្ពោះទៅរកការអភិវឌ្ឍដោយសន្តិភាព។

ពីការលើកឡើងពីការបង្កើតមនសិការស្តីពីសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិកដល់ការផ្តួចផ្តើមឱ្យរួមគ្នាកសាង ទំនាក់ទំនងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិក ដែលមានភាពជឿទុកចិត្តគ្នា និងប្រកបដោយបរិយាបន្ននិ ងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ពីការចង្អុលបង្ហាញពីក្ដីសុបិនអាស៊ី-ប៉ាស៊ីហ្វិក ដល់ការគ្រោងផែនការគោលនៃការតភ្ជាប់គ្នា ដោយគ្រប់ជ្រុងជ្រោយរហូតដល់ ការគាំពារភាពរលូន នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់ឧស្សាហកម្មសកល ។ល។ ចាប់តាំងពីឆ្នាំ ២០១៣ មក លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ នៃថ្នាក់ដឹកនាំ APEC រាល់លើក ដោយបានលើកឡើងថា យើងគួរតែប្រកាន់ខ្ជាប់បំណងដើមនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបនឹងសំឡេងអំពាវនាវនៃយុគសម័យ និងពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល។

សូមក្រឡេកមើលទៅការអភិវឌ្ឍរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅនេះ ។ កម្រិតពន្ធគយគិតជាមធ្យម នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានធ្លាក់ចុះពី ១៧ ភាគរយមកនៅត្រឹម ៥ ភាគរយ អត្រារួមចំណែករបស់ខ្លួនចំពោះកំណើន សេដ្ឋកិច្ចសកលមានចំនួនដល់ទៅ ៧០ ភាគរយ ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនជាងបួនដង ហើយចំនួនប្រជាជន ១ ពាន់លាននាក់បានបម្រះខ្លួនចេញផុតពី ភាពក្រីក្រដោយជោគជ័យ ។ល។ វាបានបង្កើត"អច្ឆរិយអាស៊ី-ប៉ាស៊ីហ្វិក"ដែលគួរឱ្យកត់សម្គាល់។

នៅពីក្រោយអច្ឆរិយនៃការអភិវឌ្ឍបែបនេះ មានពាក្យគន្លឹះចំនួនពីរ មួយគឺ "មធ្យោបាយដ៏សំខាន់" ក្នុងនាមជាវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច ដ៏សំខាន់ក្នុងតំបន់ អង្គការ APEC បានជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៃអាស៊ី-ប៉ាស៊ីហ្វិកក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកដែលបានជួយជំរុញឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្លាយជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច របស់ពិភពលោក ។ មួយទៀតគឺ "បំណងដើម" ។ អង្គការ APEC បានបង្កើតឡើងបន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់មិនជាយូរប៉ុន្មាន ពេលនោះ ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច បានក្លាយជាចរន្តយុគសម័យបន្តិចម្តងៗ ឆ្លងតាមរយៈការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ក្នុងតំបន់និងការធ្វើសមាហរណកម្ម អង្គការ APEC បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច របស់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងផ្តល់ផលប្រយោជន៍ជូនដល់ ប្រជាជននៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយបានលើកឡើងនូវកម្មវត្ថុ និងគោលដៅមួយចំនួនស្តីពីការបង្កើនប្រព័ន្ធពាណិជ្ជកម្មពហុភាគី ប្រកបដោយភាពបើកទូលាយនិងកាត់បន្ថយរបាំង នៃពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ជាដើម។

រយៈពេល ៣០ ឆ្នាំបានកន្លងផុតទៅហើយ ពិភពលោកបានកើតមានបម្រែបម្រួលយ៉ាងខ្លាំង ។ តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានក្លាយជា ខ្សែក្រវាត់កំណើនដែលមានកម្លាំងរស់រវើកបំផុត នៃសេដ្ឋកិច្ចសកលរួចហើយ ប៉ុន្តែស្របពេលជាមួយគ្នានេះ ក៏បានប្រឈមមុខនឹង ការសាកល្បងជាច្រើន ដូចជា ភាពផ្ទុយពីការធ្វើសកលភាវូបនីយកម្ម ការអភិវឌ្ឍដោយអតុល្យភាព ការប្រកួតប្រជែង ខាងភូមិសាស្ត្រនយោបាយ និងបម្រែបម្រួលអាកាសធាតុជាដើមផងដែរ ។ ប្រទេសធំមួយចំនួនតូចបាននិងកំពុង ញុះញង់ឱ្យ "ផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់" និងធ្វើបដិបក្ខគ្នាជាក្រុមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលបានបង្កជាការរំខាន និងការបំផ្លិចបំផ្លាញដល់ការអភិវឌ្ឍក្នុងតំបន់ ។ ប្រសិនបើចង់សម្រេចបាននូវ "កំណើនប្រកបដោយគុណភាពខ្ពស់" នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នោះក៏ត្រូវបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ជាពិសេសគឺ ប្រទេសធំៗគួរតែរ៉ាប់រងទំនួលខុសត្រូវ របស់ខ្លួនដើម្បីដើរតួនាទីជាគំរូ ក្នុងការគំាពារស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជារួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល។

ក្នុងបរិបទដែលសន្តិភាពនិងការអភិវឌ្ឍនៅតែជួបប្រទះនឹងបញ្ហាប្រឈមដ៏តានតឹងដដែល ពិភពលោកបច្ចុប្បន្នបានឈានចូល ដំណាក់កាលថ្មីនៃភាពរង្គោះរង្គើនិងបម្រែបម្រួល ដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកកំពុងប្រឈមមុខនឹង ការសាកល្បង ។ សហគមន៍អន្តរជាតិរំពឹងទុកជាទូទៅថា ប្រទេសចិននឹងបន្តបង្ហាញពីទំនួលខុសត្រូវ របស់ប្រទេសធំដើម្បីជំរុញ ការអភិវឌ្ឍនិងវិបុលភាពប្រកបដោយនិរន្តរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងបង្កើត" ៣០ ឆ្នាំមាស"បន្ទាប់មួយទៀត។

តំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្ទះរួមរបស់ ប្រទេសក្នុងតំបន់ ការកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិកដែលរួមសុខរួមទុក្ខជាមួយគ្នា និងជួយយកអាសាគ្នាទៅវិញទៅមក គឺជាសំឡេងពិតប្រាកដរបស់មនុស្សគ្រប់រូប ហើយក៏ជាទំនួលខុសត្រូវរួមរបស់មនុស្សទាំងអស់ផងដែរ ។ ប្រទេសចិនមិនត្រឹមតែជាអ្នកផ្តួចផ្តើម នៃកិច្ចសហប្រតិបតិ្តការ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ហើយក៏ជាអ្នកអនុវត្តនៃការធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះផងដែរ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុងបានធ្វើឱ្យប្រទេសឥណ្ឌូណេស៊ី ឈានចូល "សម័យផ្លូវដែកល្បឿនលឿន" ផ្លូវដែកចិន-ឡាវបានជួយប្រទេសឡាវឱ្យសម្រេចបាន នូវក្តីសុបិនរបស់ខ្លួនដែលប្រែក្លាយពី "រដ្ឋដីគោកដែលបិទទ្វារ" ទៅជា "រដ្ឋដីគោកដែលតភ្ជាប់ជាមួយក្រៅប្រទេស" គម្រោងប្រព័ន្ធ PV លើទឹកបានជួយប្រទេសថៃ ឱ្យឈានចូលសង្គមបែបកាបូនទាប កំពង់ផែ Chancay របស់ប្រទេសប៉េរូដែលជិត នឹងសាងសង់រួច នឹងក្លាយជាកំពង់ផែមជ្ឈមណ្ឌលថ្មី នៅតំបន់អាមេរិកឡាទីននិងជា "កំពងផែដែលជាច្រកទ្វារនៃមហាសមុទ្រប៉ាស៊ីហ្វីក ។ល។ ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់ នូវការផ្តល់ផលប្រយោជន៍ជាទូទៅនិងការចែករំលែក ជាមួយគ្នានិងពួតដៃគ្នាជាមួយ ដៃគូអាស៊ី-ប៉ាស៊ីហ្វិកដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម។

តំបន់អាស៊ី-ប៉ាស៊ីហ្វិកមានចំនួនប្រជាជន ១ ភាគ ៣ នៃពិភពលោកទាំងមូល មានទំហំសេដ្ឋកិច្ចសរុបលើសពី ៦០ ភាគរយនៃពិភពលោកនិងទំហំសរុប ខាងពាណិជ្ជកម្មជិតពាក់កណ្តាល នៃទូទាំងពិភពលោក វាគឺជាតំបន់ដែលមានកម្លាំងរស់រវើក បំផុតខាងសេដ្ឋកិច្ចលើទូទាំងពិភពលោក ហើយក៏ជាក្បាលម៉ាស៊ីនដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចសកលផងដែរ ។ កាលពីខែកក្កដា ឆ្នាំនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានចេញផ្សាយរបាយការណ៍ បំពេញបន្ថែមស្តីពី «ចក្ខុវិស័យនៃការអភិវឌ្ឍអាស៊ីឆ្នាំ ២០២៤ »ដោយបានដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ច នៃអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកពី ៤,៩ ភាគរយឱ្យឡើងដល់ ៥ ភាគរយ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពីការអនុវត្តដោយមានគុណភាពខ្ពស់នូវ «កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់» និងធ្វើការចរចាអំពី តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានទម្រង់3.0 ដល់ការជំរុញយ៉ាងសកម្ម នូវការចូលរួម «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាព ជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព»(CPTPP)និង«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល» ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់ នូវការកសាងតំបន់ដែលមាន ភាពបើកទូលាយដើម្បីជំរុញការកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មី បែបបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់។

ដើរតាមផ្លូវពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ បំណងដើមរបស់ប្រទេសចិនស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកមិនកែប្រែទេ វាមិនត្រឹមតែបានតម្រង់ទិសដៅប៉ុណ្ណោះទេ ថែមទាំងក៏បានចាត់ប្រតិបតិ្តការជាក់ស្តែងផងដែរ ។ ពីអតីតកាលក្នុងប្រវត្តិសាស្ត្រដល់ពេលបច្ចុប្បន្ននេះ រហូតដល់ពេលអនាគត ប្រទេសចិននឹងបន្តបញ្ជាក់ តាមរយៈការអនុវត្តជាក់ស្តែងថា៖ មិនថាទទួលបានការអភិវឌ្ឍដល់កម្រិតណាក៏ដោយ ក៏ចិននឹងបន្តចាក់ឫសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងផ្តល់ផលប្រយោជន៍ដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិកតទៅទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន