(តៃប៉ិ)៖ ប្រភពពីមន្រ្តីជាន់ខ្ពស់ផ្នែកសន្តិសុខតៃវ៉ាន់ បាននិយាយថា ដែនកោះនេះ នឹងបន្តខិតខំពង្រឹងសមត្ថភាពយោធារបស់ខ្លួន ខណៈវាហាក់ជាសញ្ញាមួយបង្ហាញចង់ទៅកាន់ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ឱ្យបានឃើញថា តៃវ៉ាន់ពិតជាប្រាកដប្រជា អំពីការពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប៉ុន្មានឆ្នាំចុងក្រោយនេះ តៃវ៉ាន់បានបង្កើនកញ្ចប់ថវិកាយោធា ដើម្បីឆ្លើយតបចំពោះការកើនឡើង នៃវត្តមានយោធារបស់ចិន នៅជុំវិញដែនកោះរបស់ខ្លួន។ ទោះជាបែបនេះក្តី លោក ដូណាល់ ត្រាំ បានបង្កឱ្យមានក្តីបារម្ភ អំឡុងយុទ្ធនាការបោះឆ្នោត តាមរយៈការលើកឡើងថា តៃវ៉ាន់គួរតែត្រូវបង់ថ្លៃការពារដល់សហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំរបស់តៃវ៉ាន់។
សម្រាប់ឆ្នាំ២០២៤ ទីក្រុងតៃប៉ិបានកំណត់ថវិកាចំនួន១៩ពាន់លានដុល្លារ លើវិស័យការពារជាតិ ហើយកញ្ចប់ថវិកាឆ្នាំក្រោយ ត្រូវបានរំពឹងថា នឹងកាន់តែខ្ពស់ថែមទៀត។ រយៈពេល៨ឆ្នាំ មកនេះ ការចំណាយលើវិស័យការពារជាតិរបស់តៃវ៉ាន់ បានកើនខ្ទង់៨០ភាគរយ។ យ៉ាងណាក៏ដោយ ធៀបជាមួយចិន តៃវ៉ាន់នៅចាញ់ប្រៀបខ្លាំងណាស់ បើគិតអំពីចំនួនកងទ័ព និងសព្វាវុធ។
គួរបញ្ជាក់ថា ក្រោយជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦ លោកស្រី Tsai Ing-wen ដែលកាលនោះ ជាមេដឹកនាំតៃវ៉ាន់ សម្រេចបាន នូវការនិយាយទូរស័ព្ទមិនធ្លាប់មានពីមុនមក ជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដែលជាហេតុនាំឱ្យចិនខឹងសម្បារជាខ្លាំង ហើយមិនតែប៉ុណ្ណោះ ក្រោយឡើងកាន់អំណាច លោក ត្រាំ ក៏បានបង្កើនការលក់អាវុធ និងការធ្វើប្រាស្រ័យទាក់ផ្នែកការទូត ជាមួយតៃវ៉ាន់ ផងដែរ។ លោក ត្រាំ នឹងត្រឡប់ទៅកាន់តំណែងជាប្រធានាធិបតីអាមេរិក សាជាថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ៕