(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីការជ្រើសរើស លោក John Ratcliffe សម្រាប់តំណែងជានាយកនៃទីភ្នាក់ងារចារកម្ម CIA ក្នុងរដ្ឋបាលរបស់លោក នៅឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Ratcliffe ធ្លាប់បានកាន់តួនាទីជា នាយកស៉ើបការណ៍សម្ងាត់ជាតិ ហៅកាត់ថា DNI ដែលជាតំណែងជាន់ខ្ពស់បំផុត នៅក្នុងសហគមន៍ស៉ើបការណ៍សម្ងាត់អាមេរិក ចាប់ពីចុងខែឧសភា ឆ្នាំ២០២០ រហូតដល់ពេលលោក ត្រាំ ចាកចេញពីសេតវិមាន នៅខែមករា ឆ្នាំ២០២១។ ក្រោយមក លោកបានធ្វើជាសហប្រធាន នៅវិទ្យាស្ថានស្រាវជ្រាវ Center for American Security ដែលគាំទ្រគោលជំហររបស់លោក ត្រាំ ហើយថ្មីៗនេះ លោកបានជួយផ្តល់ប្រឹក្សាដល់អតីតប្រធានាធិបតីរូបនេះ ជុំវិញគោលនយោបាយ​សន្តិសុខជាតិ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។

គួរបញ្ជាក់ថា អំឡុងសវនាការព្រឹទ្ធសភា ដើម្បីអនុម័តការតែងតាំងរូបលោកជា នាយកស៉ើបការណ៍សម្ងាត់ជាតិ កាលពីខែឧសភា ឆ្នាំ២០២០ លោក Ratcliffe ធ្លាប់បានសន្យាថា លោកនឹងព្យាយាមផ្តល់ការណ៍សម្ងាត់ ដែលមិនលម្អៀង និងទាន់ពេលវេលា។ លោក Ratcliffe ក៏បានសន្យាដែរថា រូបលោកនឹងឃ្លាំមើលយ៉ាងដិតដល់ លើបញ្ហាផ្សេងៗ ដូចជាយោធារបស់អ៉ីរ៉ង់ កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងសកម្មភាពជ្រៀតជ្រែកពីបរទេស ក្នុងដំណើរការបោះឆ្នោតនៅសហរដ្ឋអាមេរិក៕