(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ប្រធានាធិបតីជាប់ឆ្នោតនៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកបានសម្រេចចិត្តជ្រើសរើស លោក Mike Waltz ឱ្យកាន់តួនាទីជាទីប្រឹក្សាសន្តិសុខជាតិ ក្នុងរដ្ឋបាលរបស់លោក ក្រោយពេលស្បថចូលកាន់តំណែងជាផ្លូវការ នៅដើមឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ត្រាំ បានពិពណ៌នាថា សមាជិកសភាបក្សសាធារណរដ្ឋរូបនេះ គឺជាមេដឹកនាំមួយរូប ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយ ក្នុងបញ្ហាសន្តិសុខជាតិ និងជាអ្នកជំនាញម្នាក់ ពាក់ព័ន្ធការគំរាមកំហែងដែលបង្កឡើងដោយ ចិន រុស្ស៉ី អ៉ីរ៉ង់ ក៏ដូចជាអំពើភេរវកម្មអន្តរជាតិ។ លោក Waltz ធ្លាប់បានអះអាងជាសាធារណៈថា ចិនគឺជាការគំរាមកំហែងដ៏ធំបំផុតមួយ ចំពោះសហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ លោក Waltz មានការយល់ឃើញថា គោលនយោបាយរបស់រដ្ឋបាលអាមេរិកបច្ចុប្បន្ន នៃការបន្តជួយគាំទ្រឥតឈប់ឈរដល់អ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៉ី គឺចាំបាច់ត្រូវតែបញ្ចប់។
គួរបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក គឺជាតំណែងដ៏សំខាន់ និងមានឥទ្ធិពលមួយ ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន កំពុងជួបប្រទះ បញ្ហាប្រឈមជាច្រើន នៃគោលនយោបាយការបរទេស រួមមានទាំងសង្រ្គាមនៅអ៊ុយក្រែន ហ្កាហ្សា និងលីបង់ ជាដើម៕