(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងតែងតាំងអតីតអភិបាលរដ្ឋ Arkansas លោក Mike Huckabee ឱ្យធ្វើជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។

លោក Huckabee ក៏ធ្លាប់ជាអ្នកនិយាយកម្មវិធីប្រចាំសប្តាហ៍របស់ទូរទស្សន៍ Fox News រយៈពេល ៦ឆ្នាំផងដែរ ដោយលោកបានបោះបង់អាជីពនេះ ដើម្បីចូលរួមប្រកួតប្រជែងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតឆ្នាំ ២០១៦។ លោកត្រូវបានគេស្គាល់ថាជាបុគ្គលម្នាក់ មានទំនោរគាំទ្រអ៉ីស្រាអែល និងជាអ្នកការពារយូរមកហើយ ជុំវិញការតាំងលំនៅរបស់ជនជាតិជ្វីហ្វ នៅតំបន់ West Bank។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោក ត្រាំ បានបញ្ជាក់ថា «គាត់ (Huckabee) ស្រលាញ់អ៉ីស្រាអែល និងប្រជាជនអ៉ីស្រាអែលណាស់ ដូចប្រជាជនអ៉ីស្រាអែលស្រលាញ់គាត់ដែរ។ Huckabee នឹងធ្វើការដើម្បីនាំមកនូវសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ា»

គួរបញ្ជាក់ថា ការតែងតាំង​​បុគ្គលមានទំនោរគាំទ្រអ៉ីស្រាអ៊ែលរូបនេះ ​​អាច​បង្ហាញ​ពី​គោល​នយោបាយ​អនាគត​របស់​សហរដ្ឋ​អាមេរិក ​ចំពោះ​ជម្លោះមជ្ឈិមបូព៌ា។ លោក Huckabee អាយុ ៦៩ឆ្នាំ នឹងចូលមកកាន់តំណែងការទូតដ៏រស៉ើបបំផុតមួយ ឱ្យក្រុងវ៉ាស៉ីនតោន ចំពេលដែលអ៉ីស្រាអែលកំពុងប្រយុទ្ធជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា នៅលីបង់ ខណៈកំពុងប្រឈមមុខនឹងសត្រូវអ៉ីរ៉ង់ ក្នុងតំបន់៕