(ស្ត្រាសបួរ)៖ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេស នៃសហភាពអឺរ៉ុប បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បន្តគាំទ្រដល់អ៊ុយក្រែន និងព្រមានពីគ្រោះថ្នាក់នៃភាពឯកោនិយម។ នេះបើយោងតាមប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន Reuters។

ការព្រមាននេះ ធ្វើឡើងក្នុងអំឡុងពេលសវនាការបញ្ជាក់ របស់លោកស្រី Kallas នៅក្នុងសភាអឺរ៉ុប ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភ អំពីការផ្លាស់ប្តូរគោលនយោបាយអ៊ុយក្រែនរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី លោក Donald Trump។ លោក Trump ធ្លាប់បានរិះគន់ទំហំនៃជំនួយរបស់លោកខាងលិចដល់អ៊ុយក្រែន និងបានសន្យាថា នឹងបញ្ចប់ជម្លោះនេះយ៉ាងឆាប់រហ័ស។

លោកស្រី Kallas បានសង្កត់ធ្ងន់ថា ការបញ្ចប់ការគាំទ្រដល់អ៊ុយក្រែននឹងមានផលវិបាកអវិជ្ជមានដល់សន្តិសុខអន្តរជាតិ ហើយអាចនឹងលើកទឹកចិត្តឱ្យមានការឈ្លានពានបន្ថែមទៀតនៅកន្លែងផ្សេងៗនៅលើពិភពលោក។ លោកស្រីក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់លើបញ្ហារុស្ស៊ី ជាជាងផ្តោតតែលើប្រទេសចិន។

ទន្ទឹមគ្នានេះ អតីតនាយករដ្ឋមន្ត្រីនៃប្រទេសអេស្តូនីរូបនេះ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអង្គការណាតូក្នុងការពង្រឹងការការពាររបស់អឺរ៉ុប និងបានស្នើឱ្យសហភាពអឺរ៉ុបខ្លួនឯងបង្កើនការផលិតអាវុធ និងគ្រាប់រំសេវសម្រាប់គាំទ្រដល់អ៊ុយក្រែន និងពង្រឹងសមត្ថភាពការពាររបស់ខ្លួនផងដែរ៕