(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសយ៉ាងដាច់អហង្ការថា អ៊ីស្រាអែលនឹងមិនឈប់បាញ់ នៅក្នុងប្រទេសលីបង់ទេ រហូតដល់សម្រេចគោលដៅនៃសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
«នៅលីបង់ នឹងគ្មានបទឈប់បាញ់ និងគ្មានការសម្រាកឡើយ» លោក Katz បានសរសេរនៅលើបណ្តាញសង្គម X ដោយបន្ថែមថា «យើងនឹងបន្តវាយប្រហារក្រុម Hezbollah ដោយកម្លាំងពេញទំហឹង រហូតដល់គោលដៅនៃសង្រ្គាមត្រូវបានសម្រេច»។
លោក Katz បានបញ្ជាក់ពីគោលដៅនៃសង្រ្គាមរបស់អ៊ីស្រាអែល ដែលរួមមានការរំសាយអាវុធក្រុមហេសបូឡា ការរុញច្រានពួកគេចេញពីទន្លេ Litani និងការធានាសុវត្ថិភាព សម្រាប់ប្រជាជនអ៊ីស្រាអែល ដែលរស់នៅភាគខាងជើងប្រទេស។
គួរបញ្ជាក់ថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាបានផ្ទុះឡើង កាលពីខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស លើសហគមន៍អ៊ីស្រាអែល។ អ៊ីស្រាអែល បានបង្កើនការវាយប្រហារកាលពីចុងខែកញ្ញា ដោយធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំ នៅក្នុងប្រទេសលីបង់ ដោយបានទាំងសម្លាប់មេដឹកនាំរបស់ក្រុមនេះជាច្រើននាក់ ព្រមទាំង លោក Hassan Nasrallah ដែលជាមេដឹកនាំដ៏មានឥទ្ធិពល៕