(ហ៊្សេរុយសាឡិម)៖ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Omer Dostri បានឱ្យដឹងថា លោក Benjamin Netanyahu បានអនុញ្ញាតឱ្យធ្វើការវាយប្រហារ ដោយបំផ្ទុះឧបករណ៍ទាក់ទង pager កាលពីខែកញ្ញា ដែលបានសម្លាប់ និងធ្វើឱ្យសមាជិកក្រុមហេសបូឡា រងបួសជាច្រើននាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែលរាយការណ៍ថា លោក Netanyahu បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយនិយាយប្រាប់ក្រុមរដ្ឋមន្ត្រីរបស់លោកថា មានមន្ត្រីការពារជាតិជាន់ខ្ពស់ និងឥស្សរជននយោបាយមួយចំនួនជំទាស់ តែលោកសម្រេចចិត្តឱ្យបន្តប្រតិបត្តិការ។

ឧបករណ៍ទាក់ទង pager រាប់ពាន់គ្រឿងបានផ្ទុះក្នុងពេលដំណាលគ្នា នៅជាយក្រុងបេរូត ភាគខាងត្បូងប្រទេសលីបង់ និងទីតាំងផ្សេងទៀតរបស់ក្រុមហេសបូឡា បន្ទាប់មានការផ្ញើសារចូល។ សរុបទាំងការវាយប្រហារលើកទីពីរ នៅថ្ងៃបន្ទាប់ តាមវិទ្យុទាក់ទងអាយកូម walkie-talkies បានសម្លាប់មនុស្ស ៣៩នាក់ និងរបួសជាង ៣,៤០០នាក់។

គួរបញ្ជាក់ថា ហេសបូឡា ដែលក្រុមចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ នៅលីបង់ បានបង្កើនការបាញ់ផ្លោងឆ្លងព្រំដែន ជាមួយអ៉ីស្រាអែល ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សាផ្ទុះឡើង កាលពីខែតុលា ឆ្នាំ ២០២៣៕