(កៀវ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រមុខគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បានព្រមានថា ការបណ្តោយឱ្យរុស្ស៉ីឈ្នះក្នុងសង្រ្គាមនៅអ៊ុយក្រែន គឺនឹងស្មើបរាជ័យសម្រាប់សហរដ្ឋអាមេរិក ខណៈសារព្រមាននេះ ធ្វើឡើងស្របពេលដែលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនត្រឡប់មកដឹកនាំអាមេរិក ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ AFP នាថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ថ្លែងអំឡុងទស្សនកិច្ចលើកដំបូង មកកាន់ទីក្រុងកៀវ ដោយមន្រ្តីជាន់ខ្ពស់ EU បន្ទាប់ពីលោក ត្រាំ ជាប់ឆ្នោតនៅសហរដ្ឋអាមេរិក លោក Borrell បាននិយាយដូច្នេះថា «ច្បាស់ណាស់ វានឹងមិនមែនជាជ័យជម្នះមួយឡើយ សម្រាប់មេដឹកនាំអាមេរិក ប្រសិនបើ​អ៊ុយក្រែនត្រូវដួលរលំ ហើយលោក ពូទីន ឈ្នះសង្រ្គាមនោះ»។ ទស្សនកិច្ចរបស់លោក Borrell មកកាន់អ៊ុយក្រែន ដែលជាលើក​ចុងក្រោយ មុនពេលលោកត្រូវចាកចេញពីតំណែង នៅខែក្រោយ មានគោលដៅធានាអះអាងដល់ទីក្រុងកៀវថា អ៊ុយក្រែននៅតែ​មានការគាំទ្រយ៉ាងរឹងមាំពីអឺរ៉ុប ទោះនរណាជាប្រធានាធិបតី នៅសហរដ្ឋអាមេរិក ក៏ដោយ។

ជ័យជម្នះរបស់លោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីសប្តាហ៍មុន បានបង្កជាក្តីបារម្ភទាំងនៅអ៊ុយក្រែន និង​ទាំងនៅអឺរ៉ុបថា រូបលោកអាចនឹងបញ្ចប់ការគាំទ្រ សម្រាប់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមតស៊ូរបស់អ៊ុយក្រែន ប្រឆាំងការឈ្លាន​ពានរបស់​រុស្ស៉ី។ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ បានជះមន្ទិលម្តងហើយម្តងទៀត ទៅលើការបន្តផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុ​ដ៏ច្រើនសន្ធឹកសន្ធាប់ ដល់អ៊ុយក្រែន ហើយថែមទាំងអះអាងថា លោកអាចសម្រេចបានកិច្ចព្រមព្រៀងយ៉ាងរហ័ស ដើម្បីបញ្ចប់សង្រ្គាម។

គួរបញ្ជាក់ថា យោងតាមវិទ្យាស្ថានស្រាវជ្រាវអាល្លឺម៉ង់ Kiel Institute បើគិតសរុបបញ្ចូលគ្នា អឺរ៉ុបទាំងមូល បានចំណាយថវិកាខ្ទង់​១២៥ពាន់លានដុល្លារ លើការគាំទ្រអ៊ុយក្រែន គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ខណៈសហរដ្ឋអាមេរិកតែឯង បានចំណាយជាង៩០ពាន់លានដុល្លារ៕