(ម៉ាឌ្រីដ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ នាយករដ្ឋមន្រ្តីនៃប្រទេសអេស៉្បាញ លោក Pedro Sanchez បានប្រកាសទឹកប្រាក់ចំនួន ៣.៧៦ពាន់លានអឺរ៉ូ (៤.០១ពាន់លានដុល្លារអាមេរិក) ក្នុងទម្រង់ជាចំណាត់ការបន្ថែមទៀត ដើម្បីកសាងនិងជួសជុលតំបន់ Valencia ឡើងវិញ ក្រោយបាន​រងគ្រោះមហន្តទឹកជំនន់ដ៏ប្រល័យបំផុត ក្នុងប្រវត្តិសាស្រ្តសម័យទំនើប នៃប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Sanchez បាននិយាយថា មកទល់នឹងពេលនេះ នៅបន្តមានផ្លូវដែលត្រូវសម្អាត កន្លែងដែលត្រូវបូមទឹកចេញ ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវជួសជុល ហើយអ្វីដែលសំខាន់បំផុតទៅទៀតនោះ គឺលំនៅដ្ឋានក៏ដូចជាអាជីវកម្មជាច្រើន ដែលត្រូវស្តារឱ្យមានប្រក្រតីភាពឡើងវិញ។ បើតាមលោកនាយករដ្ឋមន្រ្តីអេស៉្បាញ ក្នុងកញ្ចប់ជំនួយថ្មីខាងលើ រួមមានចំណាត់ការ​ជាច្រើនបន្ថែមទៀត ដែលនឹងជួយសម្រាលបន្ទុកហិរញ្ញវត្ថុ ដល់ប្រជាជនដែលបានទទួលរងការប៉ះពាល់ដោយផ្ទាល់ ព្រមទាំងថវិកា៥០០លានអឺរ៉ូ សម្រាប់ការសម្អាត​ភក់ ចេញពីតំបន់រងគ្រោះ និង២០០លានអឺរ៉ូ សម្រាប់ជួយកសិករ។

គួរបញ្ជាក់ថា មនុស្សសរុបលើស២២០នាក់ បានបាត់បង់ជីវិត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃទី២៩ ខែតុលា បានបង្កជាគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលបានវាយលុកជាយភាគខាងត្បូងទីក្រុង Valencia ដែលជារដ្ឋធានីនៃតំបន់ Valencia។ កាលពីសប្តាហ៍កន្លងទៅ រដ្ឋាភិបាលអេស៉្បាញ ក៏បានប្រកាសជំនួយចំនួន១០.៦ពាន់លានអឺរ៉ូ សម្រាប់តំបន់ Valencia ផងដែរ៕