Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីឥណ្ឌូណេស៉ី ចាប់ផ្តើមដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក ជាមួយការហៅទូរស័ព្ទទៅលោក ត្រាំ មុនជួបលោក បៃដិន (Video inside)

12-11-2024 13:21

(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានអបអរសាទរលោក ដូណាល់ ត្រាំ សម្រាប់ការទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក តាមរយៈកិច្ចសន្ទនាមួយតាមទូរស័ព្ទ បន្ទាប់ពីរូបលោកបានទៅដល់ទីក្រុងវ៉ាស៉ីនតោន ក្រោមក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ដែលនឹងរួមមាន ជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការិយាល័យប្រធានាធិបតីឥណ្ឌូណេស៉ី បានឱ្យដឹងថា កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Prabowo និង លោក ត្រាំ បានកើតឡើង កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ យ៉ាងណាក្តី ការិយាល័យលោក Prabowo ពុំបានឆ្លើយតបឡើយថា លោកប្រធានាធិបតីឥណ្ឌូណេស៉ី នឹងត្រូវជួបលោក ត្រាំ ដោយផ្ទាល់ដែរឬអត់ អំឡុងទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ដោយឡែក នៅរដ្ឋធានីវ៉ាស៉ីនតោន លោក Prabowo ក៏បានជួបជាមួយតំណាងក្រុមហ៊ុនអាមេរិកមួយចំនួនផងដែរ ហើយបានទទូចឱ្យក្រុមហ៊ុនទាំងនោះ បោះទុនវិនិយោគនៅឥណ្ឌូណេស៉ី។

គួរបញ្ជាក់ថា លោក Prabowo បានទៅដល់អាមេរិក បន្ទាប់ពីលោកបានចាកចេញពីប្រទេសចិន ជាទីដែលរូបលោកបានជួប​ពិភាក្សា ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង ក្រោយឡើងកាន់អំណាចជា​ប្រធានាធិបតីឥណ្ឌូណេស៉ី កាលពីខែតុលា៕