(ហាណូយ)៖ គណបក្សកុម្មុយនិស្ដវៀតណាម នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកានេះបានឱ្យដឹងថាលោកអគ្គលេខាធិការ To Lam បានអបអរសាទរលោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជា ប្រធានាធិបតីអាមេរិក នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ និងបានពិភាក្សាគ្នាពីមធ្យោបាយដែលអាចឱ្យប្រទេសទាំង២ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើគេហទំព័ររបស់គណបក្សកុម្មុយនិស្ដវៀតណាម លោក To Lam បានលើកឡើងក្នុងកិច្ចសន្ទនាជាមួយលោក ត្រាំ ថាវៀតណាមបានត្រៀមខ្លួន ជាស្រេចដើម្បីលើកកម្ពស់ស្ថិរភាព និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីយូរអង្វែង ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំង២។ សេចក្ដីថ្លែងការណ៍នេះដដែលបានឱ្យដឹងទៀតថា លោក ត្រាំ បានបង្ហាញការគោរពចំពោះទំនាក់ទំនងជាមួយវៀតណាម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងសហរដ្ឋអាមេរិក ហើយមានបំណងលើកកម្ពស់ទំនាក់ទំនងនេះ បន្ថែម។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាទីផ្សារសម្រាប់ការនាំចេញដ៏ធំបំផុតរបស់វៀតណាម ហើយកាលពីខែវិច្ឆិកា ឆ្នាំមុន ប្រទេសទាំង២បានធ្វើបច្ចុប្បន្នភាពទំនាក់ទំនងទ្វេភាគីទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតខ្ពស់បំផុតរបស់វៀតណាម ជាមួយប្រទេសដទៃ។ កាលពីសប្ដាហ៍មុន ក្រុមមន្ត្រី និងអ្នកជំនាញខាងខ្សែចង្វាក់ផ្គត់ផ្គង់ បានប្រាប់ Reuters ថាវៀតណាមអាចនឹងប្រឈមជាមួយភាពមិនច្បាស់លាស់នៃពាណិជ្ជកម្ម នៅក្រោមអាណត្តិជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ។ ពោលខណៈអាចទទួល ផលប្រយោជន៍ពីការកើនឡើងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន វៀតណាមក៏អាចនឹងរងផលប៉ះពាល់ពីនយោបាយគាំពារនិយមរបស់លោក ត្រាំផងដែរ៕