(Reuters)៖ ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានជ្រើសរើសសមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio ជាអនាគតរដ្ឋមន្ត្រីការបរទេសរបស់លោក នៅពេលលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតី នៅខែមករាខាងមុខ។ នេះបើតាមសារព័ត៌មាន New York Times ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ដោយផ្អែកលើការដកស្រង់សម្ដីពីប្រភពចំនួន៣ New York Times បានឱ្យដឹងទៀតថាការសម្រេចចិត្តខាងលើមិនទាន់ត្រូវបានសម្រេចជាចុងក្រោយនោះទេ ប៉ុន្តែលោក ត្រាំ បានបង្ហាញ ទំនោរជ្រើសរើសយកលោក Rubio ជាបេក្ខភាពរដ្ឋមន្ត្រីការបរទេស។ កាលពីសប្ដាហ៍មុន នៅពេលត្រូវបានសាកសួរថាតើរូបលោកមានបំណងកាន់តំណែងជាមន្ត្រីជាន់ខ្ពស់ម្នាក់ ក្នុងជួរ រដ្ឋបាលថ្មីរបស់លោក ត្រាំ ដែរឬទេ? លោក Rubio បានប្រាប់ទូរទស្សន៍ CNN ថា «ខ្ញុំតែងតែចាប់អារម្មណ៍លើការងារបម្រើជាតិ»

គួរបញ្ជាក់ថា​ លោក Marco Rubio មានដើមកំណើតចេញពីគ្រួសារដែលជាជនភៀសខ្លួនគុយបា។ លោកកើតនៅក្នុងទីក្រុង Miami នៃរដ្ឋ Florida ហើយបានបញ្ចប់ការសិក្សាដោយ ទទួលបានសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Florida ក្នុងឆ្នាំ១៩៩៣៕