(ប៉ារីស)៖ វត្តមានរបស់កងទ័ពកូរ៉េខាងជើងចូលរួមជាមួយកងទ័ពរុស្ស៉ី ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពអ៊ុយក្រែន បានបង្កឱ្យមានការចោទសួរពីផលប្រយោជន៍យុទ្ធសាស្ត្រ និងយោធា ដែលនាំឱ្យ ក្រុមអ្នកវិភាគចោទសួរពីសមត្ថភាពរបស់កងទ័ពកូរ៉េខាងជើង និងវត្ថុបំណងចម្បងរបស់ទីក្រុងព្យុងយ៉ាង។ កូរ៉េខាងជើង ក្នុងពេលរាប់ទសវត្សរ៍មកនេះមិនដែលបានបញ្ជូនកងទ័ពទៅប្រយុទ្ធ នៅក្រៅប្រទេសនោះទេ ដោយសារតែព្រួយបារម្ភថាពួកគេអាចនឹងរត់ចោលជួរ ឬក៏នាំឱ្យមានការប្រៀបធៀបជាមួយកងទ័ពបរទេសដែលអាចបង្ហាញឱ្យគេឃើញពីចំណុចខ្វះខាតនៃកងទ័ពរបស់ខ្លួន។ «របបដឹកនាំកូរ៉េខាងជើង ក៏មានការព្រួយបារម្ភផងដែរថាកងទ័ពរបស់ខ្លួនអាចនឹងទទួលវប្បធម៌ ឬមានគំនិតបែកឆ្វេង»។ នេះបើតាមលោក Fyodor Tertitskiy ជាអ្នកស្រាវជ្រាវម្នាក់មកពី សាកលវិទ្យាល័យ Kookmin ក្នុងទីក្រុងសេអ៊ូល។

* តើកូរ៉េខាងជើងបញ្ជូនអង្គភាពប្រភេទណា ទៅជួយរុស្ស៉ី?
ដោយផ្អែកលើព័ត៌មានពីចារកម្មអាមេរិក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ធ្លាប់បានលើកឡើងពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង នៅក្នុងតំបន់ Kursk របស់រុស្ស៉ី ហើយដែល កងទ័ពមួយចំនួនរងការវាយប្រហារពីកងទ័ពអ៊ុយក្រែនកាលពីខែសីហាកន្លងទៅ។ បើតាមលោក Blinken កងទ័ពកូរ៉េខាងជើងបានស្លៀកឯកសណ្ឋានកងទ័ពរុស្ស៉ី និងទទួលបានការបណ្ដុះបណ្ដាល ពីរបៀបបាញ់កាំភ្លើងធំ ដ្រូន និងប្រតិបត្តិការកងទ័ពថ្មើរជើង ក្នុងនោះរួមមានទាំងសង្រ្គាមលេណដ្ឋាន។ ការបណ្ដុះបណ្ដាលទាំងអស់នេះត្រូវបានលោកប្រមុខការទូតអាមេរិកអះអាងថាទីក្រុងមូស្គូ មានចេតនាប្រើប្រាស់កងទ័ពកូរ៉េខាងជើងនៅសមរភូមិមុខ។ ក៏ប៉ុន្តែ តើកងទ័ពទាំងនោះគ្រាន់តែជាកងទ័ពកំប៉ិកកំប៉ុក ឬក៏ជាកុម្ម៉ង់ដូរពិសេស? បើតាមក្រុមអ្នកវិភាគកូរ៉េខាងត្បូង កងទ័ពដែល កូរ៉េខាងជើងបញ្ជូនទៅជួយរុស្ស៉ី គឺជាកុម្ម៉ង់ដូរពិសេស។ លោក Yang Moo-jin ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ University of North Korean Studies ក្នុងទីក្រុងសេអ៊ូល បានគូសបញ្ជាក់ ដូច្នេះថា «ខណៈការស្លាប់ និងរងរបួសជារឿងចៀសមិនរួចនៅក្នុងសង្រ្គាម តើវាមានផលចំណេញអ្វីទៅពីការបញ្ជូនកងទ័ពគ្មានបទពិសោធន៍ ឬអសមត្ថភាពទៅដកស្រង់បទពិសោធន៍នៅលើ សមរភូមិប្រយុទ្ធ?»។ យល់ឃើញស្រដៀងគ្នានេះដែរ លោក Lim Eul-chul មកពីសាកលវិទ្យាល័យ Kyungnam បាននិយាយថា «កូរ៉េខាងជើងត្រូវតែបង្ហាញពីប្រសិទ្ធភាពប្រយុទ្ធ និងសមត្ថភាព ធ្វើប្រតិបត្តិការនៃកងទ័ពរបស់ខ្លួន ដើម្បីកំណត់ថាតើទទួលបានលទ្ធផលអ្វីខ្លះពីការដាក់ពង្រាយកងទ័ពនេះ»។

* ចំនួនមានកំណត់
ថាតើកូរ៉េខាងជើងបានបញ្ជូនកងទ័ពប៉ុន្មានទៅជួយរុស្ស៉ី គឺគេពិបាកដឹងឱ្យប្រាកដណាស់។ ប៉ុន្តែលោកខាងលិចបានវាយតម្លៃថាកងទ័ពកូរ៉េខាងជើង ដែលត្រូវបានដាក់ពង្រាយមានប្រហែលជា ១០ ០០០នាក់ រីឯទីក្រុងកៀវថាមាន១១ ០០០នាក់។ ចំនួននេះគឺប្រហាក់ប្រហែលនឹងតួលេខបច្ចុប្បន្ននៃកងទ័ពរុស្ស៉ីដែលបានស្លាប់ ក្នុងរយៈពេល១០ថ្ងៃនៅក្នុងការប្រយុទ្ធ។ «ប្រសិនបើរុស្ស៉ីខ្វះខាតកម្លាំង ទ័ព នោះពួកគេត្រូវស្នើសុំកងទ័ពបន្ថែមពីកូរ៉េខាងជើង ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ»។ នេះបើតាមលោក Mick Ryan ជាឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់របស់អូស្ត្រាលី។

តែទោះជាបែបនេះក្ដី លោក Lim Eul-chul បាននិយាយថាភាពខ្លាំងរបស់កុម្ម៉ង់ដូរកូរ៉េខាងជើងគឺភាពធន់នឹងស្ថានការណ៍លំបាក បើទោះជាស្ថិតក្នុងស្ថានភាពស្បៀង និងធនធានមួយចំនួនមានការ ខ្វះខាតក្នុងការផ្គត់ផ្គង់ក៏ដោយ។ ពោលគឺពួកគេមានស្មារតីអត់ធន់យ៉ាងរឹងមាំ។

* បញ្ហាភាសា
តើកងទ័ពរុស្ស៉ី និងកូរ៉េខាងជើងអាចរួមដៃគ្នាធ្វើសង្រ្គាមមួយដោយពឹងផ្អែកលើអ្នកបកប្រែឬ? ជាការពិតណាស់ ខណ​ៈអ្នកបកប្រែអាចជួយបានខ្លះ តែការទំនាក់ទំនងគ្នាតាមរយៈអ្នកបកប្រែគឺមាន ឧបសគ្គច្រើន ជាពិសេសក្នុងពេលប្រយុទ្ធគ្នានៅលើសមរភូមិតែម្ដង។ នេះបើតាមលោក Mick Ryan។ ម្យ៉ាងវិញទៀត វានៅតែមានសំណួរដ៏សំខាន់ជាច្រើនដែលត្រូវឆ្លើយ នោះគឺថាតើកូរ៉េខាងជើង នឹងដាក់ពង្រាយទាំងកងទ័ពធម្មតា និងកុម្ម៉ង់ដូរព្រមគ្នាឬ? តើពួកគេនឹងរក្សាស្វ័យភាព ឬក៏ត្រូវរួមបញ្ចូលនៅក្រោមអង្គភាពណាមួយរបស់រុស្ស៉ី? ហើយថាតើពួកគេមានភារកិច្ចអ្វីដែរ? លោក Ivan Klyszcz ជាអ្នកស្រាវជ្រាវម្នាក់មកពីមជ្ឈមណ្ឌលអន្តរជាតិសម្រាប់វិស័យការពារជាតិ និងសន្តិសុខ (International Centre for Defence and Security) ក្នុងប្រទេសអេស្ដូនី បានកត់សម្គាល់ថា «ចារកម្មអ៊ុយក្រែនបានបញ្ជាក់ថាកងទ័ពកូរ៉េខាងជើងបានទៅដល់រុស្ស៉ី រួមជាមួយក្រុមមន្ត្រី៥០០នាក់ និងឧត្តមសេនីយ៍៣នាក់»។ លោកបន្តថាវាអាចនឹងមានការសម្របសម្រួលការទំនាក់ទំនង ប្រសិនបើឧត្តមសេនីយ៍កូរ៉េខាងជើង និងរុស្ស៉ី គ្រប់គ្រងការងាររួមគ្នា ប៉ុន្តែមានរឿងជាច្រើនដែលគេមិនទាន់ដឹងក្នុងដំណាក់កាលសព្វថ្ងៃ។

* បទពិសោធន៍មានកំណត់
កុម្ម៉ង់ដូរកូរ៉េខាងជើងទទួលបានការបណ្ដុះបណ្ដាលជាចម្បងពីវិធីសាស្ត្រទប់ស្កាត់ ឬបង្ក្រាបរដ្ឋប្រហារនៅក្នុងស្រុក។ បើតាមលោក Tertitskiy ភាពស្មុគស្មាញនៃបណ្ដាញទីបញ្ជាការរបស់កូរ៉េខាងជើង មានចាប់ពីប្រព័ន្ធមួយដែលរាល់ការសម្រេចចិត្តខាងយោធាទាំងអស់ ត្រូវតែមានការយល់ព្រមពីថ្នាក់លើ។ អ្នកជំនាញរូបនេះបន្ថែមថា «គេនៅត្រូវរង់ចាំមើលថាតើប្រព័ន្ធដ៏ស្មុគស្មាញបែបនេះនឹងត្រូវ បានកែប្រែដើម្បីគោលដៅនៃសង្រ្គាមនៅអ៊ុយក្រែន ដែរឬក៏យ៉ាងណា? ហើយការសម្រេចចិត្តផ្លាស់ប្ដូរណាមួយទៀតសោតគឺមិនអាចធ្វើទៅរួចឡើយ បើគ្មានការយល់ព្រមដោយផ្ទាល់ពី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ លើសពីនេះទៅទៀត កងទ័ពកូរ៉េខាងជើងដែលមិនធ្លាប់បានធ្វើសង្រ្គាមចាប់តាំងពីឆ្នាំ១៩៥៣មក អាចនឹងជួបការលំបាកក្នុងការប្រយុទ្ធតទល់នឹងកងទ័ព អ៊ុយក្រែនដែលបានប្រយុទ្ធគ្មានទំនេរដៃ ក្នុងសង្រ្គាមអស់រយៈពេលជាង ២ឆ្នាំកន្លះមកនេះ។

* ដកស្រង់មេរៀនដ៏មានតម្លៃ
លោក Mick Ryan បាននិយាយថា «ការរៀនសូត្រជាក់ស្ដែងនៅក្នុងសមរភូមិសម័យទំនើប ជាពិសេសការធ្វើសហរណកម្មនៃការប្រើប្រាស់ដ្រូន មីស៊ីលគ្រូស និងមីស៊ីលបាលិស្ទីគ នឹងក្លាយជា ផលប្រយោជន៍មួយដ៏ធំដែលកូរ៉េខាងជើងចង់បាន»។ លោកក៏បានបញ្ជាក់ដែរពីមេរៀនដ៏មានតម្លៃដែលកូរ៉េខាងជើងអាចនឹងរៀនសូត្រ នោះគឺសង្រ្គាមអេឡិកត្រូនិក ការរកវិធីកម្ទេចប្រព័ន្ធការពារដែន អាកាស និងស្វែងយល់លម្អិតពីអាវុធរបស់លោកខាងលិចដែលកងទ័ពអ៊ុយក្រែនកំពុងប្រើ។

ប៉ុន្តែទន្ទឹមគ្នា វាក៏មានផលវិបាកដែរ ដិ្បតកូរ៉េខាងត្បូងអាចចាប់យកឱកាស ដើម្បីប្រមូលព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងកូរ៉េខាងជើង។ ជាពិសេសចាប់តាំងពីបានបិទព្រំដែនដោយសារការឆ្លងរាតត្បាត កូវីដ១៩ ចំនួនជនភៀសខ្លួនពីកូរ៉េខាងជើង ទៅដល់កូរ៉េខាងត្បូងបានថយចុះ។ ជនភៀសខ្លួន ឬអ្នកគេចចេញពីរបបដឹកនាំលោក គីម ជុងអ៊ុននេះឯងជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ទីក្រុងសេអ៊ូល ស្វែងយល់ពីកូរ៉េខាងជើង៕