(កាប៊ុល)៖ ក្រុមមន្រ្តីតាលីបង់ នឹងចូលរួមសន្និសីទស្តីពីអាកាសធាតុ COP29 របស់អង្គការសហប្រជាជាតិ (UN) ដែលចាប់ផ្តើមក្នុងសប្តាហ៍ក្រោយ នៅប្រទេសអាស៊ៃបៃហ្សង់។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤។

សន្និសីទ COP29 ក្នុងរដ្ឋធានីបាគូ នឹងក្លាយជាព្រឹត្តិការណ៍កម្រិតខ្ពស់មួយ ដែលមន្ត្រីតាលីបង់អាចចូលរួមបាន ចាប់តាំងពីពួកគេកាន់កាប់ទីក្រុងកាប៊ុល កាលពីឆ្នាំ ២០២១។ អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន លោក Abdul Qahar Balkhi បានឱ្យដឹងថា មន្ត្រីនៃទីភ្នាក់ងារការពារបរិស្ថានជាតិ បានទៅដល់អាស៊ៃបៃហ្សង់ហើយ សម្រាប់ការចូលរួមសន្និសីទ។

មន្ត្រីតាលីបង់ ធ្លាប់ចូលរួមកិច្ចប្រជុំរៀបចំដោយ UN ស្តីពីអាហ្វហ្គានីស្ថាន នៅទីក្រុងដូហា ប្រទេសកាតា ហើយរដ្ឋមន្ត្រីតាលីបង់ បានចូលរួមវេទិកានានាក្នុងប្រទេសចិន និងអាស៉ីកណ្តាលក្នុងរយៈពេលពីរឆ្នាំមកនេះ។ ប៉ុន្តែការិយាល័យ COP របស់ UN ទទួលបន្ទុកកិច្ចការបម្រែបម្រួលអាកាសធាតុ បានពិចារណាជាយូរមកហើយ ជុំវិញវត្តមានរបស់អាហ្វហ្គានីស្ថាន។

អ្នកការទូតម្នាក់ប្រាប់ Reuters ថា ម្ចាស់ផ្ទះអាស៊ៃបៃហ្សង់ បានអញ្ជើញមន្រ្តីទីភ្នាក់ងារបរិស្ថានអាហ្វហ្គានីស្ថាន ឱ្យមកចូលរួម COP29 ក្នុងនាមជាអ្នកសង្កេតការណ៍ ហើយអនុញ្ញាតឱ្យពួកគេចូលរួមកិច្ចពិភាក្សានានា ឬអាចរៀបចំកិច្ចប្រជុំទ្វេភាគីផងដែរ។ ប៉ុន្តែ UN នៅតែមិនទទួលស្គាល់ តាលីបង់ជារដ្ឋាភិបាលផ្លូវការនោះទេ។ ប្រធាន COP29 បានបដិសេធធ្វើការអត្ថាធិប្បាយ៕