(តូក្យូ)៖ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន លោក Shigeru Ishiba នៅបន្តរក្សាតំណែងជានាយករដ្ឋមន្រ្តីដដែល ក្នុងការបោះឆ្នោតនៅសភា នាថ្ងៃចន្ទនេះ បើទោះបីគណបក្សកាន់អំណាច ទទួលបានលទ្ធផលមិនល្អខ្លាំងក៏ដោយ ក្នុងការបោះឆ្នោតសកល កាលពីពេលកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទោះទទួលបានលទ្ធផលមិនល្អក្តី ក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី២៧ ខែតុលា គណបក្សប្រជាធិបតេយ្យសេរី LDP និងបក្ស Komeito ដែលជាដៃគូក្នុងក្រុមចម្រុះកំពុងកាន់អំណាច នៅតែមានអាសនៈសរុបច្រើនជាងគេក្នុងសភា ទោះពុំដល់​២៣៣អាសនៈ ដែលជាចំនួនចាំបាច់ ក្នុងការគ្រប់គ្រងសំឡេងភាគច្រើនក៏ដោយ។ ក្នុងការបោះឆ្នោតនាថ្ងៃចន្ទនេះ លោក Ishiba ទទួលបានការគាំទ្រចំនួន២២១សំឡេង ខណៈគូប្រជែងគឺលោក Yoshihiko Noda ប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ (CDP) ដែលជាបក្សប្រឆាំងធំជាងគេនៅក្នុងប្រទេសជប៉ុន ទទួលបានត្រឹម១៦០​សំឡេង។

ដោយសារបាត់បង់ការគ្រប់គ្រងសំឡេងភាគច្រើន រដ្ឋាភិបាលរបស់លោក Ishiba នាពេលនេះ គឺជារដ្ឋាភិបាលសំឡេងភាគតិច ដែលមានន័យថា រូបលោកនឹងអាចត្រូវប្រឈមមុខជាមួយ ភាពជាប់គាំងនយោបាយ ឬប្រហែលត្រូវធ្វើការលះបង់ផ្សេងៗ ដើម្បីអាចអនុម័តច្បាប់ថ្មីៗនៅសភា។ នាថ្ងៃចន្ទនេះ លោក Ishiba ត្រូវបានរំពឹងថា ក៏នឹងប្រកាសសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ផងដែរ។

គួរបញ្ជាក់ថា លោក Shigeru Ishiba បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុន កាលពី៦សប្តាហ៍មុន បន្ទាប់ពី​លោក Fumio Kishida សម្រេចចិត្តចុះចេញពីតំណែង ស្របពេលរដ្ឋាភិបាលលោក បានធ្លាក់ចុះប្រជាប្រិយភាព​ខ្លាំង ក្រោយរឿងអាស្រូវពាក់ព័ន្ធអ្នកនយោបាយ នៃគណបក្សកាន់អំណាច។ ដំបូងឡើយ លោក Ishiba បានគិតថា ការបោះឆ្នោតសកលមុនអាណត្តិ អាចនឹងជួយពង្រឹងអាណត្តិដឹកនាំរបស់លោក ក្នុងនាមជាប្រធានបក្ស LDP ក៏ប៉ុន្តែ​លទ្ធផលដែលចេញមក គឺផ្ទុយពីការរំពឹងទុកយ៉ាងខ្លាំង៕