(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា បាននិយាយថា រូបលោកនឹងយល់ព្រម ស្នើឱ្យមានការបោះឆ្នោតនៅសភា ស្តីពីទំនុកចិត្តលើរដ្ឋាភិបាលរបស់លោក នៅមុនបុណ្យគ្រីស្មាស់ ខណៈប្រការនេះ នឹងបើកផ្លូវសម្រាប់ការរៀបចំបោះឆ្នោតសកលមុនអាណត្តិ បន្ទាប់ពីរដ្ឋាភិបាលចម្រុះរបស់លោក បានដួលរលំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីសប្តាហ៍មុន លោកអធិការបតីអាល្លឺម៉ង់ បានលើកឡើងថា លោកមានផែនការចង់រៀបចំការបោះឆ្នោតទំនុកចិត្ត នៅឯខែមករា ដើមឆ្នាំ២០២៥ ប៉ុន្តែក្រោយមក បានរងសម្ពាធពីសំណាក់ ក្រុមអ្នកនយោបាយប្រឆាំង ព្រមទាំងសាធារណជន ដែលចង់ឱ្យបោះឆ្នោតឆាប់ជាងនេះ។ បើតាមផែនការរបស់លោក Scholz លោកចង់រៀបចំការបោះឆ្នោតនៅសភា ស្តីពីទំនុកចិត្តលើរដ្ឋាភិបាលរបស់លោក នៅថ្ងៃទី១៥ ខែមករា ឆ្នាំក្រោយ ហើយការបោះឆ្នោតសកល នឹងអាចប្រព្រឹត្តទៅនៅខែមីនា។ យ៉ាងណាមិញ មេដឹកនាំក្រុមប្រឆាំង លោក Friedrich Merz បានទាមទារចង់ឱ្យមានការបោះឆ្នោតសកល នៅខែមករាតែម្តង។ ការបោះឆ្នោតទំនុកចិត្តលើរដ្ឋាភិបាល គឺជារឿងចាំបាច់ ដើម្បីឆ្ពោះទៅរៀបចំការបោះឆ្នោតសកល។
គួរបញ្ជាក់ថា ប្រទេសមានសេដ្ឋកិច្ចធំជាងគេបង្អស់នៅអឺរ៉ុបមួយនេះ បានធ្លាក់ទៅក្នុងភាពច្របូកច្របល់ផ្នែកនយោបាយ ដោយសារតែការដួលរលំ នៃរដ្ឋាភិបាលចម្រុះ របស់លោក Scholz កាលពីសប្តាហ៍មុន។ ភាពរកាំរកូសនៅក្នុងក្រុមចម្រុះរបស់លោក Olaf Scholz បានកើតឡើងជាច្រើនខែមកហើយ ពាក់ព័ន្ធនឹងគោលនយោបាយថវិកា និងទិសដៅសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ ដែលបាននិងកំពុងធ្វើឱ្យ ប្រជាប្រិយភាពរដ្ឋាភិបាលរបស់លោកធ្លាក់ចុះ។ ក្នុងកិច្ចសម្ភាសជាមួយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអាល្លឺម៉ង់ លោក Scholz បានអះអាងថា រូបលោក មិនមែនកំពុងព្យាយាមនៅក្រាញអំណាច នោះឡើយ៕