(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល​ លោក Israel Katz កាលពីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា បាននិយាយថាប្រទេសរបស់លោកបានយកឈ្នះលើក្រុមហេសបូឡា ហើយថា ការសម្លាប់មេដឹកនាំរបស់ពួកគេ គឺលោក Hassan Nasrallah គឺជាជ័យជម្នះមួយដ៏អស្ចារ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅពិធីមួយនៅឯក្រសួងការបរទេសអ៉ីស្រាអែល លោក Israel Katz បានគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន ការងាររបស់យើងគឺបន្តដាក់សម្ពាធ ក្នុងគោលដៅនាំមកនូវជ័យជម្នះប្រកបដោយ ផ្លែផ្កា»។ លោកបន្ថែមថាអ៉ីស្រាអែលមិនមានបំណងលូកលាន់នយោបាយផ្ទៃក្នុងរបស់លីបង់នោះទេ ប៉ុន្តែសង្ឃឹមថាក្រុមចម្រុះអន្តរជាតិមួយនឹងចាប់យកឱកាសនយោបាយនេះ ហើយលីបង់ នឹងចូលរួមជាមួយប្រទេសដទៃដើម្បីធ្វើប្រក្រតីទំនាក់ទំនងជាមួយអ៉ីស្រាអែល។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីដើមខែវិច្ឆិកានេះ បានដកតំណែងរដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant ដោយលើកឡើងពីការអស់ជំនឿចិត្ត ហើយប្រកាសតែងតាំងលោក Israel Katz ដែលជារដ្ឋមន្រ្តីការបរទេស ឱ្យកាន់តំណែជារដ្ឋមន្ត្រីការពារជាតិជំនួយលោក Gallant ដើម្បីបន្តដឹកនាំការធ្វើសង្រ្គាម នៅតំបន់ហ្កាហ្សា និងលីបង់៕