(ម៉ិកស៊ិក)៖ យ៉ាងហោចណាស់មនុស្ស ១០នាក់បានស្លាប់ និង ៧នាក់ទៀតរងរបួស ក្នុងការបាញ់ប្រហារដ៏រន្ធត់មួយ នៅបារមួយកន្លែង ក្នុងទីក្រុង Queretaro ប្រទេសម៉ិកស៊ិក កាលពីយប់ថ្ងៃសៅរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល និងក្តីសង្វេគយ៉ាងខ្លាំង នៅក្នុងប្រទេស ដែលកំពុងតែប្រឈមមុខនឹងបញ្ហាអំពើហិង្សា និងឧក្រិដ្ឋកម្ម។

បើតាមអាជ្ញាធរម៉ិកស៊ិក ក្រុមខ្មាន់កាំភ្លើង ៤នាក់ បានបើកការបាញ់ប្រហារ នៅក្នុងបារ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។ ក្នុងចំណោមអ្នកស្លាប់ មានបុរស ៧នាក់ និងស្ត្រី ៣នាក់។ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យម្នាក់ ហើយកំពុងបន្តការស៊ើបអង្កេត ដើម្បីតាមចាប់ជនល្មើសដែលនៅសេសសល់។

ទីក្រុង Queretaro ជាទូទៅ ត្រូវបានគេចាត់ទុកថា ជាទីក្រុងមួយដែលមានសុវត្ថិភាព បើប្រៀបធៀបទៅនឹងតំបន់ដទៃទៀតនៅក្នុងប្រទេសម៉ិកស៊ិក។ ប៉ុន្តែ ការបាញ់ប្រហារនេះ បានបង្កើនក្តីបារម្ភ អំពីការរីករាលដាលនៃអំពើហិង្សា និងឧក្រិដ្ឋកម្ម នៅទូទាំងប្រទេស។

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានសន្យាថា នឹងបង្ក្រាបឧក្រិដ្ឋកម្ម និងពង្រឹងសន្តិសុខ តាមរយៈការអនុវត្តផែនការសន្តិសុខថ្មី ដែលផ្តោតលើការបង្កើនឱកាសសម្រាប់យុវជន ការពង្រឹងការចែករំលែកព័ត៌មានសម្ងាត់ និងពង្រាយកងកម្លាំងឆ្មាំជាតិ។

គួរបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើង ចំពេលមានការកើនឡើងនៃអំពើហិង្សា នៅក្នុងប្រទេសម៉ិកស៊ិក ដែលជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់រដ្ឋាភិបាលថ្មី៕