(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ថា អតីតបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោកស្រី Nikki Haley និងអតីតរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo នឹងមិនត្រូវបានស្នើសុំឱ្យចូលរួមជាមួយរដ្ឋបាលថ្មីរបស់លោកទេ។

លោក ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមថា «ខ្ញុំនឹងមិនអញ្ជើញអតីតឯកអគ្គរដ្ឋទូត លោកស្រី Nikki Haley ឬអតីតរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo ឱ្យចូលរួមជាមួយរដ្ឋបាលត្រាំ ដែលបច្ចុប្បន្នកំពុងបង្កើតនោះទេ» ។ លោកបានបន្ថែមថា «ខ្ញុំពិតជារីករាយ និងពេញចិត្តក្នុងការធ្វើការជាមួយពួកគេកាលពីមុន ហើយសូមថ្លែងអំណរគុណចំពោះពួកគេសម្រាប់ការបម្រើប្រទេសរបស់យើង»។​

អតីតអភិបាលរដ្ឋ South Carolina លោកស្រី Haley ធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ ក្រោមការដឹកនាំរបស់លោក ត្រាំ កាលពីអាណត្តមុន ហើយក៏ធ្លាប់បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារដ្ឋប្រជែងនឹងលោក ត្រាំ ផងដែរ។

ចំណែកឯ លោក Pompeo ធ្លាប់ជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) និងជារដ្ឋមន្រ្តីការបរទេស ក្រោមរដ្ឋបាលត្រាំពីមុន។ លោកក៏ត្រូវបានគេមើលឃើញថា ជាបេក្ខជនប្រធានាធិបតីដ៏មានសក្តានុពលរបស់គណបក្សសាធារណរដ្ឋ មុនពេលលោកប្រកាសថា លោកនឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតនេះទេ។

ទោះជាយ៉ាងណា លោក ត្រាំ បានប្រកាសថា លោកនឹងមិនអញ្ជើញពួកគេ ឱ្យចូលរួមក្នុងរដ្ឋបាលថ្មីរបស់លោកទេ។

គួរបញ្ជាក់ថា លោក ត្រាំ កំពុងជួបជាមួយបេក្ខជនដែលមានសក្តានុពល ដើម្បីតែងតាំងឱ្យកាន់តួនាទីផ្សេងៗ នៅក្នុងរដ្ឋបាលថ្មីរបស់លោក មុនពេលចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥។ ថ្មីៗនេះ លោកបានជួបជាមួយលោក Scott Bessent ដែលជាវិនិយោគិនដ៏មានឥទ្ធិពលម្នាក់ ដែលអាចនឹងត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕