(ហ្សាការតា)៖ កងកម្លាំងការពារជាតិអូស្ត្រាលី (ADF) បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូនេស៊ីហើយ នៅថ្ងៃអាទិត្យនេះ ដោយចូលចតនៅកំពង់ផែ Banyuwangi ខេត្ត East Java ដើម្បីត្រៀមចូលរួមក្នុងសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពឥណ្ឌូនេស៊ី ដែលមានទាហានសរុបប្រមាណ ២,០០០នាក់ មកពីប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។

សមយុទ្ធយោធារួមគ្នាដែលត្រូវបានគេដាក់ឈ្មោះថា Keris Woomera នេះ វាជាសមយុទ្ធយោធារួមគ្នាដ៏ធំបំផុត រវាងអូស្ត្រាលី និងឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ។ សមយុទ្ធនេះ នឹងរួមមាន ប្រតិបត្តិការចុះចត ការបាញ់គ្រាប់ពិត និងការជម្លៀសមិនមែនប្រយុទ្ធ ដែលជាសកម្មភាពសង្គ្រោះបន្ទាន់ ក្នុងគ្រាមានគ្រោះមហន្តរាយ។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារួមគ្នានេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ប្រទេសឥណ្ឌូនេស៊ី ក៏បានធ្វើសមយុទ្ធយោធាជាមួយប្រទេសដទៃទៀត ដូចជារុស្ស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយប្រទេសនានាផងដែរ៕