(មូស្គូ)៖ ក្រុមមន្ត្រីរុស្ស៉ី បានឱ្យដឹងថាអ៊ុយក្រែនបានបើកការវាយប្រហារដោយប្រើដ្រូនយ៉ាងហោច ២៥គ្រឿង លើទីក្រុងមូស្គូ នៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកានេះ ដោយបង្ខំឱ្យអាកាស យានដ្ឋានចំនួន២នៃទីក្រុងមូស្គូ ត្រូវបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន ខណៈនេះជាការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំបំផុតមួយរបស់អ៊ុយក្រែនលើរដ្ឋធានីរបស់រុស្ស៉ី មកទល់នឹងពេលនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថាដ្រូនរបស់អ៊ុយក្រែនត្រូវបានកម្ទេច នៅក្នុងស្រុក Ramenskoye និង Kolomensky នៃតំបន់មូស្គូ ព្រមទាំងទីក្រុង Domodedovo ដែលសិ្ថតនៅភាគអាគ្នេយ៍តំបន់មូស្គូ។ តំបន់មូស្គូមានប្រជាជនជាង ២១លាននាក់កំពុងរស់នៅ។ លោក Sobyanin បានគូសបញ្ជាក់បន្ថែមដូច្នេះថា «បើតាម ព័ត៌មានបឋម មិនមានការខូចខាត ឬជនរងគ្រោះណាម្នាក់ ដោយសារតែកម្ទេចកម្ទីដ្រូនធ្លាក់ត្រូវនោះទេ»។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីរុស្ស៉ី ដ្រូនអ៊ុយក្រែន ទាំង ២៥គ្រឿងត្រូវបានកម្ទេច ពេញមួយយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យនេះ ហើយនេះជាការវាយប្រហារដោយប្រើដ្រូន ទ្រង់ទ្រាយធំបំផុតមួយរបស់អ៊ុយក្រែនលើទីក្រុងមូស្គូ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ កាលពីខែកញ្ញាកន្លងទៅ អ៊ុយក្រែនបានបាញ់ដ្រូនជាង ២០គ្រឿង លើទីក្រុងមូស្គូ ហើយដ្រូនទាំងអស់នេះត្រូវបានរុស្ស៉ីអះអាងថាត្រូវបានកម្ទេចចោលទាំងអស់៕