(ឌូបៃ)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បានច្រាលចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាទីក្រុងតេហេរ៉ង៉មានជាប់ពាក់ព័ន្ធនឹងផែនការធ្វើឃាត លោក ដូណាល់ ត្រាំ ហើយបានអំពាវនាវឱ្យមានការកសាងទំនុកចិត្តរវាងប្រទេស២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា លោក Araqchi បានគូសបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន...សេណារីយ៉ូថ្មីត្រូវបានប្រឌិតឡើង ហើយខណៈ ឃាតកម្នាក់ដែលតាមការពិត គឺគ្មានទាល់តែសោះ អ្នកប្រឌិតរឿងបានបង្កើតរឿងកំប្លែងមួយដ៏អន់បំផុត»។ លោកប្រមុខការទូតអ៉ីរ៉ង់លើកឡើងបែបនេះដោយចង់សំដៅលើការចោទប្រកាន់ មួយដែលទីក្រុងវ៉ាស៊ីនតោនបាននិយាយថាកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជាអ្នកបញ្ជាឱ្យឃាតកតាមធ្វើឃាតលោក ត្រាំ ដែលទើបតែជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក សាជាថ្មីកាលពីថ្ងៃអង្គារ កន្លងទៅនេះ។

លោក Araqchi បានបន្ថែមទៀតថាប្រជាជនអាមេរិកបានធ្វើការសម្រេចចិត្តរបស់ពួកគេ ហើយអ៉ីរ៉ង់ គោរពតាមសិទ្ធិរបស់ពួកគេក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតាមជម្រើសរបស់ ពួកគេ។ ចំណែក ជំហានឆ្ពោះទៅមុខក៏ជាជម្រើសមួយផងដែរ ហើយវាចាប់ផ្ដើមជាមួយការគោរព៕