(ដូហា)៖ ក្រសួងការបរទេសនៃប្រទេសកាតា កាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា បានឱ្យដឹងថារដ្ឋាភិបាលរបស់ខ្លួនបានប្រាប់ក្រុមហាម៉ាសប៉ាឡេស្ទីន និងអ៉ីស្រាអែល អំពី ការផ្អាកកិច្ចប្រឹងប្រែងធ្វើជាសម្របសម្រួលស្វែងរកបទឈប់បាញ់ហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង រហូតទាល់តែហាម៉ាស និងអ៉ីស្រាអែលបង្ហាញពីឆន្ទៈ និងភាពប្រាកដប្រជាត្រឡប់មករកតុចរចាវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាតាបានធ្វើការជាមួយសហរដ្ឋអាមេរិក និងអេហ្ស៉ីបអស់រយៈពេលជាច្រើនខែមកហើយ ដើម្បីសម្របសម្រួល និងបញ្ចុះបញ្ចូលឱ្យអ៉ីស្រាអែល និងហាម៉ាសទទួលយក បទឈប់បាញ់ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ កិច្ចប្រឹងប្រែងនេះមិនបានទទួលជោគជ័យឡើយ រីឯកិច្ចចរចាបន្តជាប់គាំង។ ប៉ុន្តែការដកខ្លួនរបស់កាតាអាចនឹង កាន់តែធ្វើឱ្យកិច្ចចរចាស្វែងរកកិច្ចព្រមព្រៀងមួយរឹតតែស្មុគស្មាញឡើង។

ក្រសួងការបរទេសកាតា ក៏បានបញ្ជាក់ដែរថាសេចក្ដីរាយការណ៍ពាក់ព័ន្ធនឹងអនាគតការិយាល័យរបស់ក្រុមហាម៉ាស ក្នុងទីក្រុងដូហា គឺជារឿងមិនពិត។ ការអះអាងនេះ ធ្វើឡើង បន្ទាប់ពីមានលេចឮព័ត៌មានថាអាមេរិកប្រាប់ឱ្យកាតា បណ្តេញក្រុមហាម៉ាសចេញពីប្រទេសរបស់ខ្លួន ក្រោយការចរចាសង្រ្គាមហ្កាហ្សាជាប់គាំង។ កាតា បានយល់ព្រមឱ្យហាម៉ាសបង្កើតការិយាល័យនយោបាយនៅលើទឹកដីរបស់ខ្លួន ក្នុងឆ្នាំ២០១២ ក្រោមកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក ហើយវត្តមានការិយាល័យនេះគឺមានគោលដៅសម្របសម្រួលដំណើរការនៃកិច្ចចរចា៕