(វ៉ាសូវី)៖​ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានឱ្យដឹងថា​ លោកនឹងជួបប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីអង់គ្លេស ប្រមុខអង្គការណាតូ មេដឹកនាំនៃប្រទេសអឺរ៉ុបខាងជេីង​ (Nordic)​ ក៏ដូចជាប្រទេសក្នុងតំបន់បាល់ទិក​ នាពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឆ្លងអាត្លង់ទិក និងសង្រ្គាមនៅអ៊ុយក្រែន។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី៩​ ខែវិច្ឆិកា​ ឆ្នា​ំ​ ២០២៤។

អនាគត​នៃ​ជំនួយ​សម្រាប់អ៊ុយក្រែន​ គឺ​ស្ថិត​ក្នុង​ចំណោម​បញ្ហា​ចម្បង​ដែល​សហភាព​អឺរ៉ុប​ (EU) កំពុង​ប្រឈម​មុខ​ក្រោយ​ជ័យជម្នះរបស់​ លោក​ ដូណាល់​ ត្រាំ​ ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ កន្លងមកលោក ត្រាំ​ បានរិះគន់កញ្ចប់ជំនួយយោធាអាមេរិក សម្រាប់អ៊ុយក្រែនប្រឆាំងការឈ្លានពានរបស់រុស្ស៉ី​ ហើយថែមទាំងបានសន្យាថានឹងបញ្ចប់សង្រ្គាមនេះ​ មុនពេលចូលកាន់តំណែងជាផ្លូវការ។

លោក​ Tusk និយាយថា​ មិនបាច់សង្ស័យទេអំពីទិដ្ឋភាពនយោបាយថ្មីនេះ​ ថាជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសនៅក្នុងបរិបទនៃការបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ដែលជាលទ្ធផលនៃកិច្ចព្រមព្រៀងរវាងប្រធានាធិបតីរុស្ស៉ី​ និងប្រធានាធិបតីអាមេរិកថ្មី​។ ប៉ុន្មានថ្ងៃខាងមុខទៀត​ យើងនឹងសម្របសម្រួលកិច្ចសហប្រតិបត្តិការស៉ីជម្រៅ​ ជាមួយបណ្តាប្រទេសមានទស្សនស្រដៀងគ្នាលើស្ថានភាពភូមិសាស្ត្រនយោបាយ និងឆ្លងអាត្លង់ទិកនៅអ៊ុយក្រែន។

តាម​លោក​ Tusk ប្រធានាធិបតីបារាំង លោក​ Emmanuel Macron ប្រមុខអង្គការណាតូ​ លោក Mark Rutte នឹងមកធ្វើទស្សនកិច្ចនៅទីក្រុង Warsaw ហើយត្រូវជួបគ្នាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក​ Keir Starmer ទាំងនៅទីក្រុង Warsaw ឬនៅទីក្រុងឡុងដ៍។ លោក​ Tusk ក៏នឹងជួបមេដឹកនាំ Nordic និង Baltic នៅឯ​ទីក្រុង​ Stockholm ប្រទេសស៊ុយអែតផងដែរ៕