(សេអ៊ូល)៖ យោធាទីក្រុងសេអ៊ូល បាននិយាយថា នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍សប្តាហ៍នេះ កូរ៉េខាងជើង បានធ្វើសកម្មភាពវាយប្រហាររំខានប្រព័ន្ធ GPS ដែលបានប៉ះពាល់ដល់ កប៉ាល់ប៉ុន្មានគ្រឿង និងយន្តហោះស៉ីវិលគ្រាប់សិបគ្រឿង នៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
យោធាកូរ៉េខាងត្បូង បាននិយាយដូច្នេះថា «កូរ៉េខាងជើង បានធ្វើសកម្មភាពបង្កហេតុ ដោយរំខានប្រព័ន្ធ GPS នៅទីក្រុង Haeju និង Kaesong កាលពីម្សិលមិញនិងថ្ងៃនេះ (៨-៩ វិច្ឆិកា)»។ ជាលទ្ធផល កប៉ាល់ប៉ុន្មានគ្រឿង និងយន្តហោះស៉ីវិលរាប់សិបគ្រឿង បានទទួលរងការរំខានប្រតិបត្តិការមួយចំនួន។ ប្រព័ន្ធ GPS ដែលមានឈ្មោះពេញថា Global Positioning System គឺជាប្រព័ន្ធប្រើប្រាស់បណ្តាញផ្កាយរណប សម្រាប់ប្រាប់ទីតាំង និងការធ្វើដំណើរ។
កូរ៉េខាងត្បូង បានព្រមានកប៉ាល់និងយន្តហោះកូរ៉េខាងត្បូង ដែលធ្វើប្រតិបត្តិការ នៅតំបន់សមុទ្រលឿង ឱ្យបង្កើតការប្រុងប្រយ័ត្ន ហើយបានទទូចឱ្យកូរ៉េខាងជើង បញ្ឈប់សកម្មភាពបង្កហេតុលើប្រព័ន្ធ GPS នេះជាបន្ទាន់ និងបានព្រមានថា ទីក្រុងព្យុងយ៉ាង នឹងត្រូវតែទទួលខុសត្រូវសម្រាប់បញ្ហានានា ដែលកើតមានពីសកម្មភាពនេះ។
គួរបញ្ជាក់ថា សកម្មភាពខាងលើកើតមានឡើង មួយសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ទំនើបនិងខ្លាំងបំផុតរបស់ខ្លួន។ រីឯ កាលពីថ្ងៃសុក្រសប្តាហ៍នេះ កូរ៉េខាងត្បូង បានធ្វើសមយុទ្ធបាញ់មីស៉ីលបាលិស្ទីគរបស់ខ្លួនវិញ ចូលទៅក្នុងសមុទ្រ ដើម្បីបង្ហាញឱ្យឃើញពីការប្តេជ្ញាយ៉ាងរឹងមាំ របស់ទីក្រុងសេអ៊ូល ក្នុងការឆ្លើយតបដោយម៉ឺងម៉ាត់ ចំពោះសកម្មភាពបង្កហេតុទាំងឡាយ របស់កូរ៉េខាងជើង៕