(មូស្គូ)៖ វិមានក្រឹមឡាំង បានបញ្ជាក់នៅថ្ងៃសុក្រនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន ជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកដែលទើបជាប់ឆ្នោតថ្មី។ ទោះជាយ៉ាងណា រុស្ស៊ីនៅតែរក្សាទស្សនៈរបស់ខ្លួន ចំពោះបញ្ហាអ៊ុយក្រែន ដោយមិនមានការផ្លាស់ប្តូរអ្វីឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីត្រូវបានសួរនៅក្នុងសន្និសីទប្រចាំថ្ងៃរបស់ខ្លួន ថា «តើការត្រៀមខ្លួនរបស់លោក ពូទីន ក្នុងការជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិកថ្មី មានន័យថា រុស្ស៊ីនឹងផ្លាស់ប្តូរទស្សនៈរបស់ខ្លួនលើអ៊ុយក្រែនដែរឬទេ?»
លោក Peskov បានឆ្លើយតបថា លោក ពូទីន មិនដែលនិយាយថា រុស្ស៊ីនឹងផ្លាស់ប្តូរគោលដៅនៃប្រតិបត្តិការយោធានៅអ៊ុយក្រែននោះទេ។ ផ្ទុយទៅវិញ លោក ពូទីន បានបញ្ជាក់ច្បាស់ថា គោលដៅនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន នៅតែមិនផ្លាស់ប្តូរ ហើយរុស្ស៊ីនឹងបន្តការពារផលប្រយោជន៍សន្តិសុខរបស់ខ្លួន។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានកំណត់លក្ខខណ្ឌសម្រាប់ការបញ្ចប់សង្រ្គាម ដោយទាមទារឱ្យអ៊ុយក្រែន បោះបង់ចោលផែនការចូលរួមអង្គការណាតូ និងដកទ័ពចេញពីតំបន់ដែលរុស្ស៊ីបានទាមទារ។ ប៉ុន្តែ អ៊ុយក្រែនបានបដិសេធ ហើយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្នើសុំជំនួយយោធាបន្ថែមពីលោកខាងលិច។
ទោះបីជាលោក ត្រាំ ធ្លាប់បានអះអាងថា លោកអាចបញ្ចប់សង្រ្គាមក្នុងរយៈពេល ២៤ ម៉ោងក៏ដោយ ក៏លោក Zelenskiy មិនជឿជាក់ថា វាអាចទៅរួចនោះទេ។ លោកថែមទាំងបានសម្តែងការសង្ស័យថា ការបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស អាចនាំឱ្យមានការខាតបង់សម្រាប់អ៊ុយក្រែន៕