(រ៉ូម)៖ បន្ទាប់ពីជ័យជម្នះរបស់បេក្ខជនសាធារណរដ្ឋ លោក​ ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានជំរុញឱ្យសហភាពអឺរ៉ុប ផ្តោតលើការពង្រឹងសមត្ថភាពខ្លួនឯង និងដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុងរបស់ខ្លួន ដូចជា ពន្ធគយ ការប្រកួតប្រជែង និងការការពារជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។

លោកស្រី Meloni មើលឃើញថា ការវិលត្រឡប់របស់បេក្ខជនសាធារណរដ្ឋរូបនេះ មកកាន់តំណែងអំណាចនឹងបង្កបញ្ហាប្រឈមថ្មីៗ សម្រាប់សហភាពអឺរ៉ុប។ លោកស្រីបានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប ត្រូវតែស្វែងរកតុល្យភាព និងឯករាជ្យភាព ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះ ក៏បានលើកឡើងពីសារៈសំខាន់ នៃការដោះស្រាយបញ្ហាប្រកួតប្រជែង និងពន្ធគយ ដើម្បីពង្រឹងសេដ្ឋកិច្ចអឺរ៉ុបផងដែរ។

លើសពីនេះ លោកស្រី Meloni បានអំពាវនាវឱ្យសហភាពអឺរ៉ុប គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាជិក ក្នុងការបំពេញគោលដៅចំណាយការពារជាតិរបស់អង្គការណាតូ និងស្វែងរកមធ្យោបាយ ដើម្បីជួយសមាជិក ក្នុងការស្វែងរកធនធានសម្រាប់វិស័យការពារជាតិ។

លោកស្រីនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានមុនកិច្ចប្រជុំរបស់មេដឹកនាំសហភាពអឺរ៉ុបនៅរដ្ឋធានីហុងគ្រី ដូច្នេះថា «កុំសួរថាតើសហរដ្ឋអាមេរិកអាចធ្វើអ្វីសម្រាប់អ្នក តែត្រូវសួរថាតើអឺរ៉ុបគួរធ្វើអ្វីសម្រាប់ខ្លួនឯង»។ លោកស្រីបានបន្ថែមថា «អឺរ៉ុបត្រូវតែស្វែងរកតុល្យភាព... ខ្ញុំកំពុងគិតពីបញ្ហានៃការប្រកួតប្រជែង និងពន្ធគយ...»។

គួរបញ្ជាក់ថា ការអំពាវនាវរបស់លោកស្រី Meloni បង្ហាញពីទស្សនៈរបស់មេដឹកនាំអឺរ៉ុបមួយចំនួន ដែលចង់ឱ្យសហភាពអឺរ៉ុប មានឯករាជ្យភាព និងតួនាទីកាន់តែសកម្ម នៅលើឆាកអន្តរជាតិ ជាពិសេសក្នុងបរិបទនយោបាយថ្មី ក្រោយការជាប់ឆ្នោតរបស់បេក្ខជនសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក៕