Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការសហប្រជាជាតិ៖ ស្ត្រី និងកុមារ ជាជនរងគ្រោះភាគច្រើននៃសង្គ្រាមហ្គាហ្សា (Video inside)

08-11-2024 18:57

(ហ្សឺណេវ)៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានរាយការណ៍ឱ្យដឹងនៅថ្ងៃសុក្រនេះថា ៧០% នៃចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមហ្គាហ្សាគឺជាស្ត្រី និងកុមារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។

របាយការណ៍ដដែលនេះ ក៏បានរកឃើញផងដែរថា មានការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ កើតឡើងជាប្រព័ន្ធ ក្នុងអំឡុងសង្គ្រាមហ្គាហ្សា។ ការរំលោភទាំងនេះ រួមមានការមិនគោរពគោលការណ៍នៃការបែងចែក និងសមាមាត្រ ដែលជាគោលការណ៍គ្រឹះនៃច្បាប់មនុស្សធម៌។ ទន្ទឹមគ្នានេះ ឧត្តមស្នងការសិទ្ធិមនុស្ស លោក Volker Turk ចង់ឱ្យមានការស៊ើបអង្កេត និងការដាក់ទោស ចំពោះអ្នកដែលទទួលខុសត្រូវ ចំពោះការរំលោភបំពានទាំងនេះ។ លោកជឿជាក់ថា ការប្រមូល និងរក្សាទុកភស្តុតាង គឺមានសារៈសំខាន់ ដើម្បីធានាថា យុត្តិធម៌នឹងត្រូវបានអនុវត្ត។

ទោះបីជាចំនួនអ្នកស្លាប់ដែលអង្គការសហប្រជាជាតិបានផ្ទៀងផ្ទាត់ គឺទាបជាងចំនួនដែលអាជ្ញាធរប៉ាឡេស្ទីនបានរាយការណ៍ក៏ដោយ ក៏របាយការណ៍នេះបានបញ្ជាក់ថា ស្ត្រី និងកុមារ គឺជាជនរងគ្រោះភាគច្រើន ដែលបង្ហាញពីការរំលោភច្បាប់អន្តរជាតិ។

ទោះជាយ៉ាងណា អ៊ីស្រាអែលបានអះអាងថា ខ្លួនបានខិតខំប្រឹងប្រែង ដើម្បីការពារជនស៊ីវិល និងចោទប្រកាន់ក្រុមហាម៉ាស ថាបានប្រើប្រាស់ជនស៊ីវិលទាំងនោះជាខែលការពារពួកគេ។ ប៉ុន្តែក្រុមហាម៉ាស បានបដិសេធការចោទប្រកាន់នេះ៕