(ប៉េកាំង)៖ ថ្ងៃទី៧ ខែវិច្ឆិកា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានចូលរួមកិច្ចប្រជុំកំពូល ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃមហាអនុតំបន់ទន្លេមេគង្គលើកទី៨ នៅទីក្រុង Kunming និងមានការចូលរួមពីប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាមនិងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។
លោក Li Qiang បានលើកឡើងថា ពិភពលោកបច្ចុប្បន្នបានឈានចូលសម័យកាលថ្មី នៃបម្រែបម្រួលនិងភាពរង្គោះរង្គើ ប្រទេសចិននិងបណ្តាប្រទេសទន្លេមេគង្គ គឺជាសហគមន៍រួមវាសនាដ៏ស្អិតល្មួតដូចគ្រួសារតែមួយ គួររួបរួមនិងសហការគ្នា យ៉ាងជិតស្និទ្ធ បំពេញបន្ថែមគ្នាខាងឧត្តមភាពផ្នែកសេដ្ឋកិច្ច ធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង លើគ្រប់វិស័យនិងរួមចំណែកជាវិជ្ជមានដល់សន្តិភាព សន្តិសុខ ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់ និងពិភពលោក។
លោក Li Qiang បានលើកឡើងសំណើ៤ចំណុច ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ក្នុងតំបន់៖ ទីមួយ ប្រកាន់ខ្ជាប់នូវការបើកចំហនិងកិច្ចសហប្រតិបត្តិការ និងរួមគ្នាជំរុញការបើកចំហទៅវិញទៅមក ប្រកបដោយកម្រិតកាន់តែខ្ពស់ និងទ្រង់ទ្រាយកាន់តែធំ។ ទីពីរ រំលេចពីតួនាទីណែនាំការច្នៃប្រឌិតថ្មី គាំទ្រនិងធានាឱ្យកិច្ចសហប្រតិបត្តិការផ្នែក ច្នៃប្រឌិតថ្មីមានភាពកាន់តែស៊ីជម្រៅ និងរឹងមាំជាបន្តបន្ទាប់។ ទី៣ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាង ការរួមបញ្ចូលគ្នា និងការតភ្ជាប់គ្នា និងពន្លឿនដំណើរការសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ ទីបួន ធ្វើឱ្យកាន់តែជិតស្និតនូវការប្រាស្រ័យ ទាក់ទងនិងសហការគ្នា និងបង្កបរិយាកាសសហប្រតិបត្តិការដ៏ល្អប្រសើរ ដែលប្រកបដោយបរិយាបន្ននិងជំរុញគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា កិច្ចប្រជុំបានអនុម័តឯកសារសមិទ្ធផលដូចជា 《សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូល ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃមហាអនុតំបន់មេគង្គលើកទី៨》និង 《យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតថ្មីឆ្នាំ២០៣០ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃមហាអនុតំបន់ទន្លេមេគង្គ》 ជាដើម៕
វិទ្យុមិត្តភាពកម្ពុជាចិន