ហ្កាហ្សា៖ ពលរដ្ឋច្រើនគ្រួសារនៅភាគខាងជើង ត្រូវរកកន្លែងគេចខ្លួនជាថ្មី ខណៈអ៉ីស្រាអែលបង្កើនការវាយប្រហារ (Video inside)
08-11-2024 14:37
(ហ្កាហ្សា)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កងទ័ពអ៉ីស្រាអែល បានបង្កើនការទម្លាក់គ្រាប់បែក ទូទាំងតំបន់ហ្កាហ្សា ហើយចេញបទបញ្ជាឱ្យជម្លៀសខ្លួនបន្ថែមទៀត ជាហេតុធ្វើឱ្យប្រជាជនត្រូវផ្លាស់ទីលំនៅថ្មី ចេញពីភាគខាងជើង ជាមួយនិងការភ័យខ្លាចគ្រោះថ្នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
មន្រ្តីសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១០នាក់ត្រូវបានសម្លាប់ និងរបួសមួយចំនួនទៀត នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើទីសំណាក់បណ្តោះអាសន្នសម្រាប់ប្រជាជន ក្នុងសាលារៀនមួយនៃជំរំជនភៀសខ្លួន Shati ទីក្រុងហ្កាហ្សា។
យោធាអ៉ីស្រាអែលនិយាយថា ការវាយប្រហារនោះ កំណត់គោលដៅលើទីបញ្ជាការក្រុមហាម៉ាស ដែលបង្កប់ក្នុងបរិវេណសាលា។ រថក្រោះអ៉ីស្រាអែល បានរុលចូលទៅទីក្រុង Beit Lahiya ធ្វើឱ្យពលរដ្ឋជាច្រើនគ្រួសារនាំគ្នារត់គេចជាថ្មី ខណៈពួកគេទើបនឹងផ្លាស់ទៅដល់សាលារៀន កន្លែងស្នាក់នៅបណ្តោះអាសន្ន ក្នុងទីក្រុងហ្កាហ្សា ជាមួយនិងសម្ភារៈក៏ដូចជាអាហារមកតាមខ្លួន។
គួរបញ្ជាក់ថា តាមមន្ត្រីប៉ាឡេស្ទីន អ៉ីស្រាអែលកំពុងអនុវត្តផែនការបោសសម្អាតផ្តាច់ពូជ។ អ្នកស្រុកនិយាយថា មិនមានជំនួយចូលមកដល់ក្រុង Jabalia, Beit Lahiya ឬ Beit Hanoun ទេ ចាប់តាំងពីអ៉ីស្រាអែលបង្កើន ប្រតិបត្តិការយោធា កាលពីដើមខែមុន។ ជារឿយៗ យោធាអ៉ីស្រាអែលចោទប្រកាន់ក្រុមហាម៉ាស ថាប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស៉ីវិល ដើម្បីការពារខ្លួន ប៉ុន្តែក្រុមនេះបានបដិសេធ៕