(ហ្សាការតា)៖ នៅថ្ងៃសុក្រនេះ ប្រធានាធិបតីឥណ្ឌូណេស៉ីថ្មី លោក Prabowo Subianto បានចេញដំណើរឆ្ពោះទៅប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ លោកនឹងត្រូវបំពេញ ទស្សនកិច្ចទៅកាន់ប្រទេសសរុបយ៉ាងហោច៥ ហើយអំឡុងពេលនោះ អាចរួម​មានជំនួបជាមួយប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ ផងដែរ ខណៈមេដឹកនាំឥណ្ឌូណេស៉ីរូបនេះ ព្យាយាមស្វែងរក​តុល្យភាពសម្រាប់ទំនាក់ទំនង ជាមួយបណ្តាប្រទេសមហាអំណាច ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង របស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

មុនពេលចេញដំណើរ លោក Prabowo បាននិយាយថា ជាដំបូង រូបលោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ជាទីដែល​លោកត្រូវបានរំពឹងថា នឹងជួបហើយបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង។ បន្ទាប់មក លោកនឹងបន្តដំណើរទៅ​ទីក្រុងវ៉ាស៉ីនតោន តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ អំឡុងទស្សនកិច្ចក្រៅប្រទេសនេះ ក៏រួមមាន​ផងដែរ នូវការធ្វើដំណើរទៅប្រទេសប៉េរូ ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC និងទៅប្រទេសប្រេស៉ីល ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20។ ជាចុងក្រោយ លោក Prabowo នឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក នៅចក្រភពអង់គ្លេស ជាទីដែលរូបលោក នឹងជួបនាយករដ្ឋមន្រ្តី លោក Keir Starmer។

បើតាមលោកប្រធានាធិបតីឥណ្ឌូណេស៉ីផ្ទាល់ នៅតាមផ្លូវត្រឡប់មកកាន់ប្រទេសវិញ លោកក៏អាចនឹងឆ្លៀតចូលទស្សនកិច្ច នៅ​ប្រទេសមជ្ឈិមបូព៌ាមួយចំនួន ផងដែរ។ ដោយឡែក វាមិនទាន់ច្បាស់នៅឡើយទេថា អំឡុងទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោក Prabowo អាចនឹងជួបប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ដែរឬក៏អត់ ប៉ុន្តែអ្នកនាំពាក្យលោក Prabowo បានបង្ហើបថា ជំនួបរវាងអ្នកទាំងពីរ គឺមានលទ្ធភាពកើតឡើង។

គួរបញ្ជាក់ថា លោក Prabowo បានស្បថចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៉ី កាលពីខែមុន ហើយបានសន្យាថា នឹងធ្វើឱ្យឥណ្ឌូណេស៉ីដើរតូួនាទីសកម្ម ហើយក្លាហានជាងមុន លើឆាកអន្តរជាតិ ប៉ុន្តែទន្ទឹមគ្នានោះ នឹងរក្សាគោលនយោបាយមិនចូលបក្សសម្ព័ន្ធ យូរអង្វែងមកហើយរបស់ខ្លួន ដដែល។ កាលពីនៅជាប្រធានាធិបតីឥណ្ឌូណេស៉ីជាប់ឆ្នោត លោក Prabowo បានបំពេញទស្សនកិច្ចទៅកាន់​ប្រទេសសរុបចំនួន២១ ក្នុងនោះរួមមានទាំងចិន ផងដែរ៕