(សេអ៊ូល)៖ ទីក្រុងសេអ៊ូលបានឱ្យដឹងនៅថ្ងៃសុក្រនេះថា កូរ៉េខាងត្បូងបានធ្វើសមយុទ្ធបាញ់តេស្ត មីស៉ីលបាលិស្ទីគចូលទៅក្នុងសមុទ្រ ដើម្បីជាការបង្ហាញសាច់ដុំមួយ បន្ទាប់ពីការធ្វើតេស្តមីស៉ីលរបស់កូរ៉េខាងជើង កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

អំឡុងពេល២សប្តាហ៍កន្លងទៅ កូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ បានបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលខ្លួន​បានអះអាងថា ជាស៊េរីទំនើបចុងក្រោយបំផុត ហើយក៏បានបាញ់តេស្តមីស៉ីលបាលិស្ទីគ រយៈចម្ងាយខ្លីជាច្រើនគ្រាប់ផងដែរ នៅក្នុង​ការធ្វើសមយុទ្ធមីស៉ីល២លើក ដាច់ដោយឡែកពីគ្នា។

យោធាកូរ៉េខាងត្បូង បាននិយាយថា ការធ្វើសមយុទ្ធបាញ់មីស៉ីលបាលិស្ទីគ Hyunmoo របស់ខ្លួន មានគោលដៅបង្ហាញ ការប្តេជ្ញាចិត្ត​យ៉ាងរឹងមាំរបស់ទីក្រុងសេអ៊ូល ក្នុងការឆ្លើយតបដោយម៉ឺងម៉ាត់ចំពោះ សកម្មភាពបង្កហេតុនានារបស់កូរ៉េខាងជើង។ Hyunmoo គឺជាត្រកូលមីស៉ីលដែលមានតួនាទីស្នូល ក្នុងប្រព័ន្ធមីស៉ីលវាយប្រហាររបស់កូរ៉េខាងត្បូង ហៅថា Kill Chain ដែលអនុញ្ញាតឱ្យកូរ៉េខាងត្បូង អាចបើកការវាយប្រហារសង្រ្គប់ជាមុន ប្រសិនបើមាន​សញ្ញាណាមួយ បង្ហាញពីការត្រៀមវាយប្រហាររបស់ កូរ៉េខាងជើង។

គួរបញ្ជាក់ថា កាលពីខែតុលាកន្លងទៅ កូរ៉េខាងត្បូង បានបង្ហាញជាលើកដំបូង នូវមីស៉ីលបាលិស្ទីគធំបំផុតរបស់ខ្លួន ហៅថា Hyunmoo-5 ដែលមានសមត្ថភាពកម្ទេច លេណដ្ឋាននៅជ្រៅក្រោមដីបាន។ រីឯកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន កូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធាផ្លូវអាកាសរួមគ្នា ជាមួយជប៉ុននិងសហរដ្ឋអាមេរិក ដែលមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-1B របស់អាមេរិក ដើម្បីជាការឆ្លើយតបចំពោះ ការបាញ់តេស្តមីស៉ីល ICBM របស់កូរ៉េខាងជើង៕