លោក បៃដិន ប្រាប់អ្នកគាំទ្រឱ្យទទួលយកការពិត ក្រោយលោក ត្រាំ ឈ្នះការបោះឆ្នោត (Video inside)
08-11-2024 11:54
(វ៉ាស៉ីនតោន)៖ លោកប្រធានាធិបតី ចូ បៃដិន បានប្រាប់ប្រជាជនអាមេរិកដែលជាអ្នកគាំទ្រ របស់គណបក្សប្រជាធិបតេយ្យ ឱ្យទទួលយកការពិត បន្ទាប់ពីលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក បៃដិន និយាយថា ការបោះឆ្នោតឆ្នាំ ២០២៤ បង្ហាញពីសុចរិតភាពនៃប្រព័ន្ធបោះឆ្នោតអាមេរិក ព្រមជាមួយនិងការផ្ទេរអំណាចប្រកបដោយរបៀបរៀបរយ។ ថ្លែងទៅកាន់ក្រុមអ្នកខកចិត្តចំពោះបរាជ័យរបស់ លោកស្រី កាមេឡា ហារីស អនុប្រធានាធិបតី លោក បៃដិន បញ្ជាក់ថា «ទោះជាបរាជ័យ តែមិនមែនបានន័យថាយើងចាញ់ទេ។ ការដកថយ និងបោះបង់ពេលនេះ ជារឿងដែលត្រូវធ្វើចៀសមិនរួច»។ លោក បៃដិន បន្ថែមថា «អ្វីដែលខ្ញុំសង្ឃឹម មិនថាគ្រប់គ្នាបោះឆ្នោតឱ្យនរណា គឺមិនត្រូវមើលគ្នាក្នុងភាពជាសត្រូវនោះទេ ប៉ុន្តែក្នុងនាមជាជនជាតិអាមេរិកដូចគ្នា ហើយត្រូវទទួលយកការពិត»។
គួរបញ្ជាក់ថា ក្រោយជ័យជម្នះរបស់ លោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអង្គារ បេក្ខជនគូប្រជែង លោកស្រី ហារីស ក៏បានប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតហើយដែរ។ បើតាមសេតវិមាន លោក បៃដិន សន្យាថានឹងចូលរួមពិធីកាន់តំណែងផ្លូវការ របស់ប្រធានាធិបតីថ្មី នាខែមករា ឆ្នាំ ២០២៥៕