(គុនមីង)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃព្រហស្បតិ៍នេះ បានជួបពិភាក្សាជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ Min Aung Hlaing នៅខាងក្រៅកិច្ចប្រជុំកំពូលក្នុងតំបន់ នៅទីក្រុងគុនមីង ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ជំនួបនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសដ៏កម្រមួយរបស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ខណៈដែលប្រទេសនេះកំពុងជួបប្រទះវិបត្តិសង្រ្គាមស៊ីវិល។
លោកស្រី Paetongtarn បានបញ្ជាក់ថា កិច្ចពិភាក្សានេះ គឺជាការសន្ទនាឯកជន ដោយលោកស្រីបានសម្តែងនូវសុច្ឆន្ទៈរបស់ថៃ ក្នុងការជួយស្តារសន្តិភាពនៅមីយ៉ាន់ម៉ា។ ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា បានប៉ះពាល់ដល់ប្រទេសថៃ ដោយសារតែព្រំដែនរួមគ្នាដ៏វែង និងការរំខានដល់ពាណិជ្ជកម្មតាមព្រំដែន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែមុន លោកស្រី Paetongtarn បានអំពាវនាវឱ្យមានការចូលរួមកាន់តែខ្លាំងជាមួយមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងបានបង្ហាញការគាំទ្រចំពោះការបោះឆ្នោតដែលបានស្នើឡើងដោយរបបយោធា។ ទោះជាយ៉ាងណា ការបោះឆ្នោតនេះ ត្រូវបានគេរិះគន់ថា ជាការបោកប្រាស់ និងមិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិ។
គួរបញ្ជាក់ថា ការទៅចូលរួមកិច្ចប្រជុំកំពូលក្នុងតំបន់ នៅទីក្រុងគុនមីង ប្រទេសចិននេះ វាមានសារៈសំខាន់សម្រាប់មេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលត្រូវបានហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដោយសារតែបញ្ហានយោបាយ និងសង្រ្គាមស៊ីវិលនៅក្នុងប្រទេស។ ការធ្វើដំណើរទៅក្រៅប្រទេសរបស់មេដឹកនាំរូបនេះ ភាគច្រើនគឺទៅកាន់ប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់មីយ៉ាន់ម៉ា៕