(ម៉ិកស៉ិក)៖ ជនចំណាកស្រុករាប់ពាន់នាក់ ដែលកំពុងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិក ដើម្បីស្វែងរកជីវិតថ្មីនៅសហរដ្ឋអាមេរិក កំពុងមានការព្រួយបារម្ភអំពីអនាគតរបស់ពួកគេ បន្ទាប់ពីបេក្ខជនសាធារណរដ្ឋ ដែលមានគោលនយោបាយតឹងរ៉ឹងលើអន្តោប្រវេសន៍ បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
ជនចំណាកស្រុកជាច្រើន មានការខកចិត្ត និងបាត់បង់ក្តីសង្ឃឹម នៅពេលដឹងថា បេក្ខជនសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ បានឈ្នះឆ្នោត។ ពួកគេភ័យខ្លាចថា គោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹង នឹងធ្វើឱ្យពួកគេពិបាកទទួលបានសិទ្ធិជ្រកកោន ឬចូលទៅរស់នៅក្នុងសហរដ្ឋអាមេរិក។
បេក្ខជនសាធារណរដ្ឋ ធ្លាប់បានសន្យាថា នឹងបន្តគោលនយោបាយអន្តោប្រវេសន៍តឹងរ៉ឹង រួមទាំងការនិរទេសទ្រង់ទ្រាយធំ និងការបញ្ឈប់សិទ្ធិជាពលរដ្ឋពីកំណើត សម្រាប់កូនចៅរបស់ជនអន្តោប្រវេសន៍ខុសច្បាប់។ ក្នុងអាណត្តិមុន រដ្ឋបាលរបស់បេក្ខជនរូបនេះ បានធ្វើឱ្យជនចំណាកស្រុករាប់ពាន់នាក់ ជាប់គាំងនៅតាមព្រំដែនម៉ិកស៊ិក។
ទោះបីជាមានការព្រួយបារម្ភក៏ដោយ ក៏ជនចំណាកស្រុកមួយចំនួននៅតែបន្តដំណើរទៅភាគខាងជើង ដោយសង្ឃឹមថា នឹងអាចទៅដល់សហរដ្ឋអាមេរិក មុនពេលគោលនយោបាយថ្មីត្រូវបានអនុវត្ត។ អ្នកខ្លះទៀត កំពុងព្យាយាមស្វែងរកសិទ្ធិជ្រកកោន តាមរយៈកម្មវិធី CBP One របស់សហរដ្ឋអាមេរិក។
អ្នកសង្កេតការណ៍ និយាយថា ជនចំណាកស្រុកនឹងបន្តមកដល់ព្រំដែន ទោះបីជាមានគោលនយោបាយតឹងរ៉ឹងក៏ដោយ។ ពួកគេអាចនឹងស្វែងរកផ្លូវថ្មីៗ ដែលមានគ្រោះថ្នាក់ជាង ដើម្បីទៅដល់សហរដ្ឋអាមេរិក៕