(ប៉េកាំង)៖ "ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ចិន ក្នុងការជំរុញការបើកទូលាយចំពោះបរទេស ដោយកម្រិតខ្ពស់និងជំរុញ ការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ បានធ្វើឱ្យពួកយើងមានក្តីរំភើបចិត្តយ៉ាងខ្លាំង"។ នៅថ្ងៃទី ៥ ខែវិច្ឆិកា នៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសបរទេសជាច្រើនរូប ដូចជាលោក Jean-Christophe Pointeau អគ្គនាយកនៃក្រុមហ៊ុន Pfizer ប្រចាំនៅតំបន់ចិននិងលោក Jean-Paul Agon ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន L’ORÉAL ជាដើមបានថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិបានប្រារព្ធ ធ្វើតាមកាលកំណត់ជារៀងរាល់ឆ្នាំ ដែលបានបំពេញបន្ថែមនូវ "ឱសថពង្រឹងជំនឿចិត្ត" សម្រាប់ឱ្យពិភពលោកចែករំលែក កាលានុវត្តភាពអភិវឌ្ឍន៍របស់ចិនជាមួយគ្នា ហើយក៏បានធ្វើឱ្យពួកគេពង្រឹងជំនឿចិត្តរបស់ខ្លួន ក្នុងការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ នៅទីផ្សារចិនផងដែរ ។

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ បានប្រារព្ធធ្វើនៅក្រុងសៀងហៃ ប្រទេសចិនចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា។ ថ្នាក់ដឹកនាំនិងតំណាងមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្មនិងសិក្សាស្រាវជ្រាវប្រហែល ១៥០០ នាក់ដែលមកពីប្រទេស តំបន់និងអង្គការអន្តរជាតិចំនួន ១៥២ បានអញ្ជើញចូលរួមពិធីបើកលើនេះ ពាណិជ្ជករចំនួន ៣៤៩៦ ដែលមកពីប្រទេស និងតំបន់ចំនួន ១២៩ បានចូលរួមក្នុងការតាំងពិព័រណ៍នេះ សហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកនិងសហគ្រាស ឈានមុខផ្នែកឧស្សាហកម្ម ដែលបានចូលរួមតាំងពិព័រណ៍មានចំនួន ២៩៧ សហគ្រាសដែលបានបំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រ ពិព័រណ៍អំពីសហគ្រាសមានទំហំលើសពី ៤២ ម៉ឺនម៉ែត្រក្រឡា ដែលក្នុងនោះសហគ្រាសនិងអង្គភាពចំនួន ១៨៦ បានចូលរួមពិព័រណ៍នេះរយៈពេល ៧ ឆ្នាំជាប់ៗគ្នា" ។ល។

តួលេខគួរឱ្យកត់សម្គាល់ទាំងនេះបានបញ្ជាក់ពី "កម្លាំងស្រូបទាញ" នៃទីផ្សារចិននិងពិព័រណ៍នាំចូលចិនអន្តរជាតិ ហើយក៏បានបង្ហាញពីឆន្ទៈរួមរបស់បណ្តាភាគីនានា ក្នុងការប្រកាន់ខ្ជាប់ការបើកចំហ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះផងដែរ។

ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិទីមួយ ដែលផ្តោតលើការនាំចូល ពិព័រណ៍នាំចូលចិនអន្តរជាតិ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំនេះ វាបានក្លាយជាបង្អួចសម្រាប់បង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីរបស់ចិន វេទិកាសម្រាប់ជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ និងជាផលិតផលសាធារណៈអន្តរជាតិ ដែលពិភពលោក ចែករំលែកជាមួយគ្នា។ ទិន្នន័យបង្ហាញឱ្យឃើញថា នៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ ៦ លើកមុនៗ ផលិតផលថ្មី បច្ចេកទេសថ្មីនិងសេវាកម្មថ្មីដែលមានលក្ខណៈតំណាងចំនួនជិត ២៥០០ មុខត្រូវបានដាក់បង្ហាញជាលើកដំបូង ហើយបានសម្រេចទំហំជួញដូរតាមបំណងសរុបលើសពី ៤២០ ប៊ីលានដុល្លារអាមេរិក ដែលបានបង្កើតលំហអភិវឌ្ឍន៍កាន់តែ ទូលំទូលាយ សម្រាប់សហគ្រាសពហុជាតិ។

លោក Alex Gu អគ្គនាយករងជាន់ខ្ពស់សកល និងជាអគ្គនាយកប្រចាំតំបន់ចិននៃក្រុមហ៊ុន Medtronic បានថ្លែងថា "ឆ្លងតាមរយៈពិព័រណ៍នាំចូលចិនអន្តរជាតិ ដែលជាបង្អួច នៃការបើកទូលាយ យើងបានទទួលអារម្មណ៍ពីឱកាសគ្មានដែនកំណត់ នៃទីផ្សាររបស់ចិន ហើយក៏បានធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរ ជាមួយគ្រប់មជ្ឈដ្ឋានផងដែរ"។

ចាប់ពីពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី១មក ពិព័រណ៍នាំចូលចិនអន្តរជាតិបានផ្តល់ភាពងាយស្រួល ដល់ការចូលរួមតាំងពិព័រណ៍ របស់ប្រទេសអភិវឌ្ឍន៍តិតួចក្នុងវិស័យជាច្រើន ដូចជាការផ្តល់អនុគ្រោះដល់ការសាងសង់ស្តង់ពិព័រណ៍ និងដឹកជញ្ជូនផលិតផល ដាក់តាំងបង្ហាញជាដើម។ លើកនេះ ម្ចាស់ផ្ទះរៀបចំពិព័រណ៍ បានផ្តល់ជូនស្តង់ពិព័រណ៍ដោយឥតគិតថ្លៃចំនួន ១២០ ស្តង់សម្រាប់ប្រទេសអភិវឌ្ឍន៍តិតួច ផ្តល់ការគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិតួចចំនួន ៣៧ ក្នុងការចូលរួមពិព័រណ៍អំពីប្រទេស និងពិព័រណ៍អំពីសហគ្រាស ព្រមទាំងបានពង្រីក និងលើកកម្ពស់កម្រិតថ្នាក់ នៃប្លុកពិព័រណ៍ចំណីអាហារនិងកសិផល ចំពោះការតាំងពិព័រណ៍ពិសេសសម្រាប់ផលិតផលអាហ្រ្វិក។ ប្រការនេះធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍កាន់តែច្រើនឡើងៗ ចូលរួមក្នុងដំណើរការសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងប្រកបដោយបរិយាបន្ន ហើយធ្វើឱ្យសមិទ្ធផលអភិវឌ្ឍន៍នាំមក នូវផលប្រយោជន៍កាន់តែច្រើន និងកាន់តែយុត្តិធម៌ ជូនដល់ប្រជាជននៃបណ្តាប្រទេសនានា។

"យុគសម័យថ្មី ចែករំលែកអនាគតជាមួយគ្នា" នេះគឺជាប្រធានបទនៃពិព័រណ៍នាំចូលចិនអន្តរជាតិ ហើយក៏ជាពាក្យសន្យា យ៉ាងមុតមាំ របស់ប្រទេសចិនចំពោះពិភពលោក។ ពិព័រណ៍នាំចូលចិនអន្តរជាតិ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដែលទទួលបាន សមិទ្ធផលថ្មីឥតឈប់ឈរ ហើយអ្វីដែលមិនប្រែប្រួលនោះគឺ ការប្តេជ្ញាចិត្តក្នុងការពង្រីកការបើកទូលាយ និងសេចក្តីស្មោះត្រង់ ក្នុងការរួមគ្នាចែករំលែកឱកាស ជាមួយពិភពលោក។ កិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះបែបនេះគួរឱ្យចិន ធ្វើកិច្ចសហប្រតិបត្តិការទៅវិញទៅមកជាមួយពិភពលោក ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការ ជារៀងរាល់ឆ្នាំដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន