(តេហេរ៉ង់)៖ នៅថ្ងៃព្រហស្បតិ៍នេះ អ៉ីរ៉ង់បានប្រកាសចាត់ទុក ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតី​នៅសហរដ្ឋអាមេរិក ថាជាឱកាសមួយដើម្បីឱ្យ ទីក្រុងវ៉ាស៉ីនតោនពិចារណាឡើងវិញ ចំពោះគោលនយោបាយមិនត្រឹមត្រូវកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

អំឡុងពេលកាន់អំណាចជាលើកដំបូង កាលពីអាណត្តិឆ្នាំ២០១៧-២០២១ លោក ត្រាំ​ ដែលនឹងវិលត្រឡប់មកដឹកនាំសេតវិមានសាជាថ្មី នៅខែមករា ឆ្នាំ២០២៥ បន្ទាប់ពីយកឈ្នះលើអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារសប្តាហ៍នេះ គឺធ្លាប់អនុវត្តយុទ្ធសាស្រ្តដាក់សម្ពាធជាអតិបរមា ប្រឆាំងនឹងអ៉ីរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei បានលើកឡើងដូច្នេះថា «យើងមានបទពិសោធជូរចត់ជាមួយ​គោលនយោបាយ និងដំណោះស្រាយ របស់រដ្ឋាភិបាលអាមេរិកខុសៗគ្នា កាលពីអតីតកាល»។ អ្នកនាំពាក្យរូបនោះ បានបន្ថែមថា ជ័យជម្នះរបស់លោក ត្រាំ ពេលនេះ គឺជាឱកាសមួយ អាចឱ្យសហរដ្ឋអាមេរិក ពិនិត្យឡើងវិញ ចំពោះគោលនយោបាយមិនត្រឹមត្រូវនានា កាលពីពេលមុនៗ។

គួរបញ្ជាក់ថា អ៉ីរ៉ង់និងអាមេរិក មិនត្រូវគ្នាចាប់តាំងពីបដិវត្តន៍អ៉ីស្លាម ឆ្នាំ១៩៧៩ ដែលបានផ្តួលរំលំរបបរាជានិយម គាំទ្រដោយ​ក្រុមលោកខាងលិច ប៉ុន្តែភាពតានតឹង បានកើនឡើងខ្លាំង អំឡុងអាណត្តិទីមួយរបស់លោក ត្រាំ។ ពេលនោះ លោក ដូណាល់ ត្រាំ បានដក​សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ហើយដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើអ៉ីរ៉ង់។ កាលពីឆ្នាំ២០២០ អាមេរិកបានសម្លាប់មេទ័ពជាន់ខ្ពស់ម្នាក់ នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក Qasem Soleimani ក្នុងការវាយប្រហារតាមផ្លូវអាកាស លើអាកាសយានដ្ឋានទីក្រុងបាកដាដ នៃប្រទេសអ៉ីរ៉ាក់៕