(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយថា កូរ៉េខាងត្បូងមិនច្រានចោល លទ្ធភាពនៃការផ្តល់អាវុធដោយផ្ទាល់ ឱ្យទៅអ៊ុយក្រែនឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជាយូរមកហើយ កូរ៉េខាងត្បូងប្រកាន់គោលនយោបាយ មិនផ្តល់សព្វាវុធដោយផ្ទាល់ឱ្យទៅប្រទេសមានសង្រ្គាមឡើយ ប៉ុន្តែបាន​បង្ហាញតំរុយថា គោលជំហរនេះអាចនឹងប្រែប្រួល បន្ទាប់ពីកូរ៉េខាងជើង បានបញ្ជូនកងទ័ពទៅរុស្ស៉ី ដើម្បីជួយទីក្រុងមូស្គ ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ លោក Yoon បាននិយាយក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងសេអ៊ូលថា «ឥឡូវនេះ អាស្រ័យលើកម្រិតនៃការពាក់ព័ន្ធរបស់កូរ៉េខាងជើង យើងនឹងចាប់ផ្តើមកែសម្រួលយុទ្ធសាស្រ្តគាំទ្ររបស់យើង ដោយសន្សឹមៗជាដំណាក់កាល។ មានន័យថា យើងមិនច្រានចោលលទ្ធភាព នៃការផ្តល់អាវុធឡើយ»

គួរបញ្ជាក់ថា ទីក្រុងសេអ៊ូល និងក្រុមលោកខាងលិច ធ្លាប់បានចោទប្រកាន់យូរហើយថា ទីក្រុងព្យុងយ៉ាង បានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងមីស៉ីល​ឱ្យទៅទីក្រុងមូស្គូ ដើម្បីប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ រីឯការចោទប្រកាន់ចុងក្រោយ ដោយផ្អែកលើរបាយការណ៍ព័ត៌មានសម្ងាត់ បានបង្ហាញថា កូរ៉េខាងជើងបានដាក់ពង្រាយ កងទ័ពប្រហែលជាង១០,០០០នាក់ ទៅកាន់ប្រទេសរុស្ស៉ី។ បើតាមមន្រ្តីអាមេរិក កងទ័ពកូរ៉េខាងជើងទាំងនោះ បានចូលរួមប្រយុទ្ធ ក្នុងសមរភូមិនៅតំបន់ Kursk របស់រុស្ស៉ី ជាបណ្តើរៗហើយ៕