(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នាថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកាថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang បានបង្ហាញការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះកិច្ចប្រឹងប្រែងផ្សះផ្សា និងធ្វើអន្តរកាលនយោបាយ របស់ប្រទេសមីយ៉ាន់ម៉ា អំឡុងជំនួបពិភាក្សាជាមួយ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Li បានជួបលោក Min Aung Hlaing នៅឯទីក្រុង ​Kunming រដ្ឋធានីខេត្ត Yunnan ភាគនិរតីប្រទេសចិន ដែល​មានព្រំប្រទល់ជាប់មីយ៉ាន់ម៉ា។ វត្តមានរបស់លោក Min Aung Hlaing នៅចិន គឺជាការធ្វើទស្សនកិច្ចលើកដំបូងបំផុតមកកាន់​ប្រទេសជិតខាងដ៏មានឥទ្ធិពលមួយនេះ គិតចាប់តាំងពីរូបលោក បានដឹកនាំរដ្ឋប្រហារយោធា នៅមីយ៉ាន់ម៉ា កាលពីឆ្នាំ២០២១។ ប្រទេសអាស៊ានមួយនេះ មានធ្លាក់ទៅក្នុងភាពចលាចល និងសង្រ្គាមស៉ីវិល ចាប់តាំងពីពេលនោះមក រួមមានទាំងនៅតំបន់តាម​បណ្តោយព្រំដែនជាមួយចិន។

គួរបញ្ជាក់ថា អំឡុងជំនួបពិភាក្សាគ្នា លោក Li បាននិយាយថា ចិនមានឆន្ទៈពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយមីយ៉ាន់ម៉ា ហើយមានបំណងចង់លើកកម្ពស់បន្ថែមទៀត នូវច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា។ ទន្ទឹមគ្នានោះ លោកនាយករដ្ឋមន្រ្តីចិន បានឆ្លៀតឱកាសអំពាវនាវឱ្យមីយ៉ាន់ម៉ា ការពារសុវត្ថិភាពពលរដ្ឋនិងក្រុមហ៊ុនចិន នៅក្នុងប្រទេសនេះ ហើយគូសរំលេចអំពី​ភាពចាំបាច់ឱ្យប្រទេសទាំងពីរ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពបទល្មើសឆ្លងព្រំដែន រួមមានល្បែងស៉ីសង និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ជាដើម៕