(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី៦ ខែវិច្ឆិកា មន្រ្តីអាមេរិក២រូប បានឱ្យដឹងថា កងទ័ពកូរ៉េខាងជើង បានចូលប្រយុទ្ធក្នុងសមរភូមិ ជាលើកដំបូងបំផុត នៅឯតំបន់ Kursk នៃប្រទេសរុស្ស៉ី កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
មន្រ្តីអាមេរិកម្នាក់ក្នុងចំណោមនោះ បានប្រាប់ថា ទាហានកូរ៉េខាងជើង បានចូលរួមប្រយុទ្ធក្នុងសមរភូមិ កាលពីថ្ងៃទី៤ ខែវិច្ឆិកា។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានអះអាងដែរថា ការប្រយុទ្ធគ្នាលើកដំបូងរវាងយោធាអ៊ុយក្រែន និងកងទ័ពកូរ៉េខាងជើង បានបើកទំព័រថ្មីនៃអស្ថិរភាពលើពិភពលោក បន្ទាប់ពីប្រមុខការពារជាតិអ៊ុយក្រែន បាននិយាយថា ការប៉ះទង្គិចគ្នាទ្រង់ទ្រាយតូចមួយ រវាងភាគីទាំងពីរ បានកើតឡើង។
គួរបញ្ជាក់ថា សង្រ្គាមអ៊ុយក្រែន បានផ្ទុះឡើង នៅពេលដែល រុស្ស៉ីបានបើកការឈ្លានពានរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ចាប់តាំងពីខែសីហា ឆ្នាំនេះ អ៊ុយក្រែនធ្វើប្រតិបត្តិការវាយលុក ចូលតំបន់ Kursk នៅភាគខាងលិចរុស្ស៉ី។ ក្នុងសប្តាហ៍នេះ ខាងក្រសួងការពារជាតិអាមេរិក បាននិយាយថា មានកងទ័ពកូរ៉េខាងជើងយ៉ាងហោច១០,០០០នាក់ នៅតំបន់ Kursk និងចន្លោះ១១,០០០-១២,០០០នាក់ នៅក្នុងប្រទេសរុស្ស៉ីទាំងមូល៕