(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា លោកបានជជែកជាមួយ លោក ដូណាល់ ត្រាំ ក្រោយការជាប់ឆ្នោតជាប្រធានាធិបតីបន្ទាប់ របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក ហ្សេលេនស្គី បង្ហោះសារលើបណ្តាញសង្គម X ដូច្នេះថា «យើងឯកភាពគ្នារក្សាការសន្ទនាយ៉ាងជិតស្និទ្ធ និងជំរុញកិច្ចសហប្រតិបត្តិការបស់យើង។ ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងមិនរវើរវាយរបស់សហរដ្ឋអាមេរិក គឺមានសារៈសំខាន់សម្រាប់ពិភពលោក និងសម្រាប់សន្តិភាពប្រកបដោយយុត្តិធម៌»។ តាមលោក ហ្សេលេនស្គី ក្នុងពេលជជែកគ្នានោះ លោក ត្រាំ បានបញ្ជាក់ថានឹងធ្វើការ ទាំងជាមួយអ៊ុយក្រែន ក៏ដូចជារុស្ស៉ី។
កន្លងមក លោក ត្រាំ មិនដែលបង្ហាញពីគោលជំហរច្បាស់ៗ ក្នុងការគាំទ្រអ៊ុយក្រែននោះទេ សូម្បីតែនៅអំឡុងយុទ្ធនាឃោសនាបោះឆ្នោត បើទោះជាអ៊ុយក្រែនកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ នៃសង្រ្គាមប្រឆាំងការឈ្លានពានពីរុស្ស៉ីក៏ដោយ។ លោក ត្រាំ ធ្លាប់និយាយថា នឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ត្រឹមរយៈពេល ២៤ម៉ោង ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក៕