(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកានេះបានអំពាវនាវឱ្យមានស្ថិរភាព ផាសុខភាព និងនិរន្តរភាពសម្រាប់ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុង វ៉ាស៊ីនតោន នាឱកាសផ្ញើសារអបអរសាទរទៅកាន់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានឱ្យដឹងថានៅក្នុងសារអបអរសាទរមួយទៅកាន់លោក ត្រាំ លោក ស៊ី ជីនពីង បានគូសបញ្ជាក់ថាប្រវតិ្តសាស្ត្របានបង្ហាញថាចិន និងសហរដ្ឋអាមេរិក ទទួលបាន ផលចំណេញពីកិច្ចសហប្រតិបត្តិការ ហើយខាតបង់ដោយសារតែការប្រឈមមុខដាក់គ្នា។ «ដូច្នេះទំនាក់ទំនងប្រកបដោយស្ថិរភាព ផាសុខភាព និងនិរន្តរភាពរវាងចិន និងសហរដ្ឋអាមេរិកគឺជា ផលប្រយោជន៍រួមរបស់ប្រទេសទាំង២ និងស្របទៅតាមការរំពឹងចង់បានពីសហគមន៍អន្តរជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស៊ី ជីនពីង។
នៅក្នុងសារដំបូងបំផុតផ្ញើជូនលោក ដូណាល់ ត្រាំ ក្រោយលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសម្រាប់អាណត្តិទី២ លោកប្រធានាធិបតីចិន ក៏បានសង្កត់ធ្ងន់ផងដែរថាលោកផ្ទាល់សង្ឃឹមថាភាគី ទាំង២នឹងប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ បើតាមលោក ស៊ី ជីនពីង ទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង គួរតែពង្រឹងកិច្ចសន្ទនា និងការទំនាក់ទំនង ព្រមទាំងដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានសមស្រប ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក និងស្វែងរក ផ្លូវមួយដ៏ត្រឹមត្រូវសម្រាប់ចិន និងសហរដ្ឋអាមេរិក អាចនឹងរួមរស់ជាមួយគ្នា នៅក្នុងយុគសម័យថ្មីមួយ ដើម្បីផលប្រយោជន៍នៃប្រទេសទាំង២ និងពិភពលោក៕